(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) រំពឹងកីឡាករ-កីឡាការិនីត្រៀមចូលរួមប្រកួត «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នាខែវិច្ឆិកាខាងមុខ នឹងមានសមត្ថភាព និងបច្ចេកទេសកាន់តែខ្ពស់ បន្ទាប់ពីគ្រូបង្វឹកតាមបណ្ដាក្លិប អង្គភាព និងមហាជន ត្រូវបានបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពបច្ចេកទេសជាថ្មី។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ គ.ច.យ.ខ.ព ក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ ដល់គ្រូបង្វឹកកីឡាយុទ្ធគុនបុរាណខ្មែរចំនួន ៧០នាក់ នៅសាលាកីឡាគុណធម៌ នៅថ្ងៃទី៣០ ខែឧសភានេះ ក្រោយទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសគ្រូបង្វឹកមកពីគ្រប់យុទ្ធគុន សម្រាប់ត្រៀមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ខាងលើ បានគូសបញ្ជាក់ថា ដើម្បីទទួលបាននូវការអភិវឌ្ឍសមត្ថភាពបច្ចេកទេសកីឡាករ-កីឡាការិនី ចាំបាច់ត្រូវមានការបណ្ដុះបណ្ដាលគ្រូបង្វឹក សម្រាប់ធ្វើការចែករំលែកនូវមូលដ្ឋានគ្រឹះ និងបច្ចេកទេសច្បាស់លាស់របស់យុទ្ធគុននីមួយៗ ។ ដូច្នេះទើបជំរុញឲ្យមានវគ្គបណ្ដុះបណ្ដាល លើកទី២ នេះឡើង ដែលមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែឧសភានេះ ដោយមានសិក្ខាកាមមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គុនល្បុក្កតោ ចំបាប់ យុទ្ធក្រមខម និងកីឡា ខ.ភ.ម សរុប ៧០នាក់ចូលរួម។

លោក វ៉ាត់ ចំរើន បន្ដថា សម្រាប់គោលបំណងសំខាន់ៗ នៃសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី២ នេះ រួមមាន៖

១. ការបញ្ជ្រាបបច្ចេកទេសមូលដ្ឋានគ្រឹះរបស់យុទ្ធគុនខ្មែរយើង មានន័យថា យើងធ្វើឲ្យមានភាពគត់មុតផ្នែកបច្ចេកទេសមូលដ្ឋានគ្រឹះនីមួយៗឲ្យច្បាស់លាស់ ។

២. ការបញ្ជ្រាបនូវបច្ចេកទេសនៃការប្រើប្រាស់កម្លាំងកាយក្នុងយុទ្ធគុន ដោយយើងបែងចែកនូវកម្លាំយកាយពិសេសក្នុងការហ្វឹកហាត់យុទ្ធគុន ដែលមានលំហាត់ពាក់ព័ន្ធនឹងការបង្កើតកម្លាំងមួយដងខ្លួន ពីក្បាល ដល់ចុងជើង ត្រូវមានទាំងថាមពល កម្លាំង ល្បឿន ភាពអំណត់ និងភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់កម្លាំង។

៣. ការពង្រឹងនូវរបៀបរបបនៃការផ្ទេរចំណេះដឹងពីគ្រូ ទៅកីឡាករ-កីឡាការិនី តើគាត់ត្រូវមានវិធីសាស្ដ្របែបណា ក្នុងការបង្ហាត់បង្ហាញបន្ដទៅឲ្យកីឡាករ-កីឡាការិនីរបស់គាត់ដើម្បីត្រៀមការប្រកួត? ចំណុចនេះ យើងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា គ្រូទាំងអស់ ត្រូវយកចំណេះដឹងមូលដ្ឋានគ្រឹះដែលបានពីវគ្គនេះ ទៅបង្ហាត់បង្ហាញឲ្យមានប្រសិទ្ធភាព និងសុកតភាពច្បាស់លាស់ ទៅនឹងបច្ចេកទេសនីមួយៗ ។

៤. ការគ្រប់គ្រងវិន័យ និងការជំរុញទឹកចិត្ត ។ ពិតណាស់ កីឡាត្រូវការវិន័យខ្ពស់ណាស់ ។ ការហ្វឹកហាត់យុទ្ធគុនអាចសម្រេចជោគជ័យទៅបាន ទាល់តែមានការជំរុញទឹកចិត្ត និងមានការដាក់ចេញនូវគោលការណ៍ និងភាពទៀងទាត់នៃការហ្វឹកហាត់ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការហាត់គុន ចាំបាច់ត្រូវមានវិន័យបំផុត។

តាមរយៈសិក្ខាកាសាលាលើកទី១ កាលពីខែមករា និងលើកទី២ នៅចុងខែឧសភានេះ លោកបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមចូលរួមទាំងអស់ ដែលបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ និងយកចិត្តទុកដាក់ក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងចំណេះជំនាញច្បាស់លាស់ ។ ការណ៍នេះ លោកសង្ឃឹមថា អ្វីដែលជាមន្ទិលសង្ស័យកន្លងមក គ្រូបង្វឹកទាំងអស់ នឹងអាចស្វែងយល់ និងបំពេញបន្ថែម ហើយយកទៅបង្ហាត់ ក៏ដូចជាផលិតបាននូវធនធានកីឡាករ-កីឡាការិនីដែលមានសមត្ថភាព និងបច្ចេកទេសកាន់តែខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួត «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាពេលខាងមុខ។

ជាចុងក្រោយ ក្នុងនាមសិក្ខាកាមទាំងអស់ លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព ដែលបានផ្ដល់នូវទំនុកចិត្ត និងណែនាំក្នុងការងារដឹកនាំ គ្រប់គ្រង និងរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដែលសម្ដេចបានផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តយ៉ាងកក់ក្ដៅ ដែលជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធពេញចិត្ត និងខិតខំប្រឹងប្រែង ដើម្បីជំរុញការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែល្អប្រសើរ និងជំរុញឲ្យមានការចូលរួមពីមហាជន និងយុវជនកាន់តែច្រើន ដើម្បីបង្ហាញពីភាពចម្រុះនៃក្បាច់គុនបុរាណខ្មែរ និងចូលរួមថែរក្សានូវសម្បត្តិមរតកដូនតាខ្មែរដ៏ថ្លៃថ្លានេះ៕