(កូឡាឡាំពួរ)៖ ខ្សែបម្រើស្លាប Manchester United គឺ Amad Diallo ធ្លាប់ត្រូវបានចាប់ខ្លួន និងពិន័យជាប្រាក់ប្រមាណ ៤២,០០០ផោនផងដែរ ពីបទក្លែងឯកសារ និងប្រើប្រាស់ឈ្មោះឪពុកម្តាយមិនពិតនាអំឡុងលេងឱ្យក្លិប Atalanta ក្នុងប្រទេសអ៉ីតាលី កាលឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអន្តរជាតិកូដឌីវ័រ វ័យ ២២ឆ្នាំរូបនេះ បានធ្វើសញ្ញាម្រាមដៃកណ្តាល ដើម្បីជាការឌឺទៅកាន់អ្នកគាំទ្រនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីក្រុមរបស់លោក Man Utd បានចាញ់ក្រុម ASEAN All-Stars នៃជំនួបមិត្តភាពអន្តរជាតិនៅទីក្រុងកូឡាឡាំពួរកាលពីរាត្រីថ្ងៃពុធ នៅពេល Amad បានចូលលេងក្នុងវគ្គទី២ ដែរ។
កាយវិការនេះត្រូវបានបិសាចក្រហមចាត់ទុកថា Amad ខឹងសម្បារចំពោះអ្នកគាំទ្រដែលបានម៉ាក់ងាយម្តាយរបស់គេ។
Amad ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X របស់ខ្លួនផងថា «ខ្ញុំតែងតែគោរពអ្នករាល់គ្នាជានិច្ច ក៏ប៉ុន្តែម៉ាក់ងាយត្រឹមខ្ញុំបានហើយ កុំរាលដាល់ដល់ម្តាយខ្ញុំអី។ ជាដំបូងខ្ញុំគិតថា មិនគួរឆ្លើយតបនោះទេ ហើយក៏មិនស្តាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើនេះដែរ»។
Manchester United នឹងបញ្ចប់ការប្រកួតមិត្តភាពលក្ខណៈទេសចរណ៍នៅអាស៊ី ក្រោយលេងទល់នឹងក្រុមហុងកុង នាម៉ោង ៧យប់ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ (ម៉ោងនៅកម្ពុជា)៕