(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងបន្ដពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីខ្លួននមន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតជើងឯកពិភពលោក និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ បន្ទាប់ពីអត្តពលិករបស់ខ្លួន ទទួលបានជោគជ័យលើសការរំពឹងទុក ពីចូលរួមការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី The 2025 Asian Championship U21 & Adults នាទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្មីៗនេះ។

នេះបើតាមការលើកឡើងរបស់លោក Jasper Paas អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បន្ទាប់ពីដឹកនាំប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ដោយនាំមកជាមួយនូវមេដាយចំនួន ១១គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ៣ ពីព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីខាងលើ និងទទួលបានការស្វាគមន៍ពីលោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធផងដែរ។

លោកបានសម្ដែងការសប្បាយរីករាយជាខ្លាំង ចំពោះសមិទ្ធផលពីការប្រកួតជើងឯកអាស៊ីឆ្នាំនេះ ដ្បិតកម្ពុជា បានបញ្ជូនអត្តពលិកត្រឹម ៦នាក់ តែអាចដណ្ដើមបានមេដាយរហូតដល់ ១១គ្រឿង ។ លោកបានចាត់ទុកលទ្ធផលនេះ ពិតជាល្អបំផុត និងលើសពីការរំពឹងទុកផងដែរ ដ្បិតកាលពីឆ្នាំមុន កម្ពុជាដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ៥គ្រឿងប៉ុណ្ណោះ ។ នេះសបញ្ជាក់ឲ្យឃើញភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីកម្ពុជា។

បែបនេះក្ដីសហព័ន្ធនឹងបន្ដពង្រឹងការហ្វឹកហាត់ពួកគេឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ នាខែវិច្ឆិកា និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ។ តាមរយៈលទ្ធផលដ៏ល្អប្រសើរក្នុងការប្រកួតជើងឯកអាស៊ីពេលនេះ លោកក៏សង្ឃឹមថា ក្រុមកីឡាជឺជីតស៊ូកម្ពុជា នឹងបន្ដធ្វើបានកាន់តែល្អ ដើម្បីដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិធំៗទាំងពីរនាចុងឆ្នាំនេះបន្ថែមទៀត។

គួរដឹងថា ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី លើកទី៩ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបប៉ុណ្ណោះចូលរួម ខណៈជាលទ្ធផលក្រុមអត្តពលិកកម្ពុជា បានទទួលសមិទ្ធផលដ៏ភ្ញាក់ផ្អើល ពោលគឺឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ៣ សរុប ១១គ្រឿង ដែលជាកំណត់ត្រាថ្មីក្នុងការប្រកួតជើងឯកប្រចាំទ្វីបអាស៊ីនេះ ដែលធ្វើឲ្យបណ្ដាប្រទេសចូលរួមមានការភ្ញាក់ផ្អើល និងស្ងើចសរសើរពីភាពរីកចម្រើននៃវិស័យកីឡាជឺជីតស៊ូកម្ពុជាផងដែរ៕