(ភ្នំពេញ)៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា រំពឹងសមាជិកប្រតិបត្តិសហព័ន្ធ អាណត្តិថ្មី នឹងបន្ដរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្ដរជាតិ តាមរយៈវិស័យកីឡាលើទឹកមួយនេះ។ ការលើកឡើងនេះ បន្ទាប់ពីលោកត្រូវបានបោះឆ្នោតគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៣ ឆ្នាំ២០២៥-២០២៩ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។
ឆ្លៀតឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកប្រតិបត្តិសហព័ន្ធ អាណត្តិចាស់ ក៏ដូចជាសមាគម/ក្លិប ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងការហ្វឹកហាត់ និងការប្រកួតប្រជែងនានា រហូតទទួលបានលទ្ធផលដ៏ល្អប្រសើរជូនជាតិ ដែលធ្វើឲ្យពិភពលោកបានមើលឃើញពីភាពរីកចម្រើន និងការអភិវឌ្ឍនៃវិស័យកីឡាម៉ូតូទឹកកម្ពុជា។ តាមរយៈនេះ លោកសង្ឃឹមថា អាណត្តិថ្មី គ្រប់ភាគីពាក់ព័ន្ធ នឹងបន្ដពួតដៃគ្នាបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ។
ប្រធានសហព័ន្ធខាងលើបន្ដថា «សូមសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី នៃសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា សូមមេត្ដាចូលរួមជាមួយគ្នា ដើម្បីអភិវឌ្ឍន៍វិស័យកីឡារបស់យើងឲ្យកាន់តែរីកចម្រើន ។ យើងធ្វើកិច្ចការនេះ ជាកិច្ចការរួម ដែលជាកិច្ចលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិ ។ ដូច្នេះទាត់តែយើងមានការចូលរួមពីគ្រប់ផ្នែក ទាំងផ្នែកប្រតិបត្តិ ផ្នែកបច្ចេកទេស ផ្នែកទំនាក់ទំនង និងការឧបត្ថម្ភគាំទ្រនានា ចូលរួមទាំងអស់គ្នា ដើម្បីឲ្យអាណត្តិថ្មីរបស់យើង ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិរបស់យើង»។
សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៣ របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានេះដែរ ក្រៅពីលោក ណុះ ស្លេះ ជាប្រធាន គឺមានលោក សាលី អ៊ូមើត ជាអនុប្រធានទី១ រួមជាមួយអនុប្រធាន ៣រូបផ្សេងទៀត ។ អគ្គលេខាធិការ គឺលោក មាស ម៉ាប់ ព្រមទាំងអគ្គលេខាធិការរង អគ្គហេរញ្ញឹក អគ្គហេរញ្ញឹករង និងសមាជិកសរុបចំនួន ២៧នាក់។ មហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្តិថ្មីខាងលើ ក៏មានការចូលរួមជាសក្ខីភាពពីមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕