(មីឡាន)៖ ក្លិបបាល់ទាត់ AC Milan បានសម្រេចតែងតាំងអតីតគ្រូបង្វឹកចាស់របស់ពួកគេឡើងវិញ គឺលោក Massimiliano Allegri ដើម្បីជំនួសតំណែងលោក Sergio Conceicao ដែលត្រូវបានដកតួនាទីធំនេះកាលពីថ្ងៃព្រហស្បតិ៍។

បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៧ឆ្នាំខាងលើនេះ មានស្ថិតិដឹកនាំឈ្នះ ៥១.១% កាលពីដឹកនាំ AC Milan លើកដំបូងនាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ AC បានឱ្យដឹងថា «ក្លិបសូមស្វាគមន៍យ៉ាងកក់ក្តៅ និងជូនពរលោក Massiliano និងក្រុមការងារទទួលបានជោគជ័យ សម្រាប់ការវិលត្រឡប់មកជាលើកទី២ នេះ»

ពួកគេបានបញ្ចប់រដូវកាលដ៏គួរឱ្យខកចិត្តនៃក្របខណ្ឌ Serie A រដូវកាលនេះ ដោយស្ថិតនៅលេខរៀងទី៨ មិនមានកៅអីលេងពានអឺរ៉ុបណាមួយរដូវកាលក្រោយ និងបានចាញ់វគ្គផ្តាច់ព្រ័ត្រក្រោមថ្វីជើង Bologna ដណ្តើមពានទី២ អ៉ីតាលី Coppa Italia ថែមទៀត ស្ថិតក្រោមការដឹកនាំបានតែ ៦ខែរបស់លោក Conceicao។

AC Milan បានឈ្នះជើងឯកលីគកំពូល Serie A ជាលើកចុងក្រោយ និងលើកទី១៩ របស់ក្លិបនារដូវកាល ២០២១-២២ ដោយស្ថិតក្រោមការដឹកនាំដោយលោក Stefano Pioli ស្របពេលលោក Allegri មិនទទួលបានជោគជ័យឡើយ នៅពេលវិលត្រឡប់មកដឹកនាំ Juventus វិញចន្លោះឆ្នាំ២០២១-២០២៤ ក្រោយពេលទំនេរពីការងារបង្វឹក ២ឆ្នាំ៕