(អេស្ប៉ាញ)៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានចេញសេចក្តីប្រកាសថា ក្លិបបាននាំចូលកីឡាករខ្សែការពារស្លាបអន្តរជាតិអង់គ្លេស Trent Alexander-Arnold ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ ក្នុងនោះក្លិបនឹងបង់ប្រាក់ទៅក្លិប Liverpool ក្នុងលក្ខខណ្ឌកិច្ចសន្យាមុនមួយខែ ដើម្បីឱ្យបានមុនពេលការប្រកួត FIFA Club World Cup ។
ខ្សែការពាររូបនេះនឹងផុតកំណត់កិច្ចសន្យានៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ ខណៈមុនការចាក់ចេញពីក្លិបហង្សក្រហម Liverpool រូបគេលេងបាន ៣៥៤ប្រកួត គិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១៦ ជាមួយការឈ្នះពាន UEFA Champions League, Club World Cup, UEAF Super Cup, Premier League, FA Cup, League Cup និង Community Shield ។
ការចូលរួមជាមួយ Real Madrid ត្រូវបានក្លិបឱ្យដឹងថា រូបគេនឹងបង្ហាញខ្លួនលេងនៅ FIFA Club World Cup ដែលនឹងរៀបចំប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥។
Liverpool ក៏បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបនឹងទទួលបានការបង់ប្រាក់ ជាមួយនឹងកិច្ចព្រមព្រៀងដែលនឹងត្រូវបញ្ចប់នៅពេលដែលទីផ្សារបើកនៅថ្ងៃទី១ ខែមិថុនា ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា ក្លិប Real នឹងមានការបង់ប្រាក់ឱ្យម្ចាស់ជើងឯក Premier League ប្រមាណ (១៣.៤៨លានដុល្លារ) ៕