(បរទេស)៖ លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverpool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverpool នៃប្រទេសអង់គ្លេស។
អតីតខ្សែការពារជម្រើសជាតិទឹកក្រូចហូឡង់ Heitinga បានព្រមព្រៀងដឹកនាំ Ajax ក្រោមកិច្ចសន្យា ២ឆ្នាំ និងយកលោក Marcel Keizer គ្រូបង្វឹកយុវជនថ្នាលរបស់ក្លិបនេះធ្វើជាជំនួយការរបស់លោកទៀតផង។
Heitinga បានចូលកាន់តំណែងធំនេះ ជំនួសកៅអីគ្រូបង្វឹក Francesco Farili ដែលបានចាកចេញកាលសប្តាហ៍មុន បន្ទាប់ពីមិនអាចជួយ Ajax ឈ្នះជើងឯកលីគហូឡង់រដូវកាលនេះបាន ដ្បិតពួកគេបាននាំមុខកំពូលដាច់ដល់ទៅ ៩ពិន្ទុឯណោះ មុនពេលលេង ៧ប្រកួតទៀតបិទរដូវកាលដោយមិននឹកស្មានដល់។
វាក៏ជារដូវកាលទី៣ ជាប់ៗគ្នាផងដែរសម្រាប់ Ajax ដែលមិនឈ្នះពានណាមួយសោះ ក្នុងនាមជាក្រុមជើងឯកលីគកំពូលហូឡង់ចំនួន ៣៦រដូវកាល៕