(ភ្នំពេញ)៖ ជាការពិតណាស់ ការរស់នៅក្នុងសង្គមសព្វថ្ងៃតែងតែមានការប្រាស្រ័យទំនាក់ទំនងគ្នាទៅវិញទៅមក ដែលបុគ្គលម្នាក់មិនអាចរស់នៅក្នុងសង្គមមួយតែម្នាក់ឯងឡើយ គឺត្រូវតែមានទំនាក់ទំនងជាមួយសាច់ញាតិ សហព័ទ្ធ មិត្តភក្តិ មិត្តរួមការងារជាអាទិ៍ ។ ការប្រកបអាជីវកម្មដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃនោះទៀតសោត គឺមានបំណងដើម្បីស្វែងរកផលប្រយោជន៍រៀងៗខ្លួន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដែលនាំឱ្យកើតមានឡើងនូវចំណងគតិយុត្តនោះហៅថាកាតព្វកិច្ច ។

តាមស្មារតីនៃក្រមរដ្ឋប្បវេណីមាត្រា ៣០៨ បានឱ្យនិយមន័យកាតព្វកិច្ចថា គឺជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់ ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីកិច្ចមួយចំនួនចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត ។ បុគ្គលដែលមានករណីកិច្ចហៅថា កូនបំណុល រីឯបុគ្គលដែលទទួលបានផលប្រយោជន៍ពីករណីកិច្ចនោះហៅថា ម្ចាស់បំណុល ហើយម្ចាស់បំណុលមានសិទ្ធិត្រូវគ្នាទៅនឹងករណីកិច្ចរបស់កូនបំណុល។

ហេតុដូច្នេះ តើប្រភេទនៃកាតព្វកិច្ចមានអ្វីខ្លះ ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ប្រភេទនៃកាតព្វកិច្ច» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម៖

តាមបញ្ញត្តិមាត្រា ៣១៣ នៃក្រមរដ្ឋប្បវេណី គឺបានចែងពីប្រភេទនៃកាតព្វកិច្ច ដែលកាតព្វកិច្ចទាំងនោះមានគោលបំណងផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លើវត្ថុ ឬប្រាក់, កាតព្វកិច្ចមានគោលបំណងឱ្យធ្វើសកម្មភាព និងកាតព្វកិច្ចមានគោលបំណងមិនឱ្យធ្វើសកម្មភាព ។

១៖កាតព្វកិច្ចមានគោលបំណងផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លើវត្ថុ ឬប្រាក់ (មាត្រា ៣១៤ នៃក្រមរដ្ឋប្បវេណី)

*កាតព្វកិច្ចមានគោលបំណងផ្ទេរកម្មសិទ្ធិលើវត្ថុ គឺជាកាតព្វកិច្ចដែលបុគ្គលម្នាក់ ឬច្រើននាក់មានករណីកិច្ចផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិទៅឱ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀត ។ ឧទាហរណ៍៖កិច្ចសន្យាលក់ទិញ ដែលអ្នកលក់មានករណីកិច្ចផ្ទេរកម្មសិទ្ធិលើទ្រព្យសម្បត្តិ ដែលជាកម្មវត្ថុនៃការលក់ទិញឱ្យទៅអ្នកទិញ រីឯអ្នកទិញមានករណីកិច្ចត្រូវបង់ប្រាក់មកអ្នកលក់វិញ ។ ប៉ុ ន្តែករណីដែលភាគីពាក់ព័ន្ធនៃកិច្ចសន្យាផ្តោតលើលក្ខណៈសម្គាល់ ពិសេសនៃវត្ថុមួយ ហើយបើទោះបីជាមានការប្រគល់វត្ថុជំនួសក៏ដោយ ក៏មិនអាចចាត់ទុកថាជាការអនុវត្តកាតព្វកិច្ចដែរ ។ ចំពោះកាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់អ្វីមួយ កូនបំណុលមានករណីយកិច្ចថែរក្សាវត្ថុនោះ ដោយប្រុងប្រយ័ត្នរហូតដល់ពេលប្រគល់នោះត្រលប់វិញ ។

*កាតព្វកិច្ចដែលមានគោលបំណងផ្ទេរសិទ្ធិកាន់កាប់លើវត្ថុ គឺកាតព្វកិច្ចដែលបុគ្គលម្នាក់ ឬច្រើននាក់មានករណីកិច្ចផ្ទេរសិទ្ធិកាន់កាប់លើវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន ទៅឱ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀតកាន់កាប់ ។ ឧទាហរណ៍៖ ភតិសន្យា ភតិបតីមានករណីកិច្ចផ្ទេរសិទ្ធិកាន់កាប់នៃវត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យាទៅឱ្យភតិកៈ ។

*កាតព្វកិច្ចជាប្រាក់ គឺករណីដែលកម្មវត្ថុនៃកាតព្វកិច្ចជាប្រាក់ នោះកូនបំណុលអាចសងជារូបិយវត្ថុផ្សេងៗ តាមការជ្រើសរើសរបស់ខ្លួនបាន ។ ឧទាហរណ៍៖ “ក” បានខ្ចីប្រាក់ ២ លានរៀល ពី “ខ” ដែលមានក្រដាស ៥ ម៉ឺនរៀល ចំនួន ៤០ សន្លឹក។ នៅពេលសង “ក” អាចសងជាក្រដាស ៥ ម៉ឺនរៀល ចំនួន ៤០ សន្លឹក វិញក៏បាន ឬត្រូវសងជាក្រដាស ១០ ម៉ឺនរៀល ចំនួន ២០ សន្លឹក ក៏បាន ឬក្រដាសប្រាក់ផ្សេងពីអ្វីដែលខ្លួនបានទទួលក៏បាន សំខាន់ឱ្យតែតម្លៃលុយដែលត្រូវសងគឺគ្រប់ចំនួនដែលខ្លួនបានខ្ចី ។ ក្នុងករណីដែលរូបិយវត្ថុពិសេសដែលកំណត់ជាកម្មវត្ថុនៃកាតព្វកិច្ច លែងជារូបិយវត្ថុស្របច្បាប់ នៅពេលអនុវត្តកាតព្វកិច្ច កូនបំណុលអាចសងជារូបិយវត្ថុណាមួយផ្សេងទៀតបាន ។ ប្រសិនបើបានកំណត់ចំនួននៃកាតព្វកិច្ចជារូបិយវត្ថុបរទេស កូនបំណុលអាចសងជារូបិយវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទៅតាមអត្រាប្តូររូបិយប័ណ្ណបរទេស នៅកន្លែងដែលត្រូវអនុវត្តកាតព្វកិច្ចនោះ។  មួយវិញទៀត ពេលដែលកម្មវត្ថុនៃកាតព្វកិច្ចគឺជាការបង់ប្រាក់ នោះកូនបំណុលត្រូវបង់ការប្រាក់តាមការព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល ប៉ុន្តែក្នុងករណីដែលគ្មានការកំណត់ផ្សេងទេ ត្រូវគិតអត្រាការប្រាក់ចំនួន ៥% ក្នុង ១ ឆ្នាំ តាមច្បាប់កំណត់ (មាត្រា ៣១៦ និងមាត្រា ៣១៨ នៃក្រមរដ្ឋប្បវេណី) ។

*កាតព្វកិច្ចអនិយ័ត គឺជាកាតព្វកិច្ច ដែលផ្តល់ឱ្យកូនបំណុលនូវលទ្ធភាព ក្នុងការជ្រើសរើសកាតព្វកិច្ចតែមួយ ឬកាតព្វកិច្ចច្រើនក្នុងចំណោមការផ្តល់កម្មវត្ថុនៃកាតព្វកិច្ចច្រើនប្រភេទ ។ ជាទូទៅសិទ្ធិក្នុងការ ជ្រើសរើសត្រូវផ្តល់ទៅឱ្យកូនបំណុល ប៉ុន្តែភាគីនៃកិច្ចសន្យាអាចឱ្យសិទ្ធិក្នុងការជ្រើសរើសនោះទៅឱ្យម្ចាស់បំណុល ឬទៅឱ្យតតិយជនបានក្នុងករណីដែលមាន ការព្រមព្រៀងគ្នារវាងភាគីទាំងអស់នៅក្នុងកិច្ចសន្យា ។ ម្យ៉ាងវិញទៀត សិទ្ធិក្នុងការជ្រើសរើសនេះអាចនឹងត្រូវផ្ទេរទៅអ្នកផ្សេងឱ្យមានសិទ្ធិជ្រើសរើសជំនួសក្នុងករណីដែលភាគីមានសិទ្ធិជ្រើសរើសនោះមិនបានជ្រើសរើសនៅក្នុងអំឡុងពេលដែលបានកំណត់ (មាត្រា ៣២០ នៃក្រមរដ្ឋប្បវេណី) ។

២៖ កាតព្វកិច្ចមានគោលបំណងឱ្យធ្វើសកម្មភាព គឺជាកាតព្វកិច្ចដែលភាគីម្ខាងជាកូនបំណុលធ្វើសកម្មភាពជាក់លាក់ណាមួយចំពោះភាគីម្ខាងដែលជាម្ចាស់បំណុល ហើយអាចធ្វើឡើងតាមរយៈកិច្ចសន្យាខ្ចីប្រាក់ កិច្ចសន្យាជួលកិច្ចសន្យាការងារ ឧទាហរណ៍៖ ការធ្វើសកម្មភាពសាងសង់អគារ ឬការធ្វើសកម្មភាពជួលជុលអ្វីមួយជាដើម (មាត្រា ៣១៥ នៃក្រមរដ្ឋប្បវេណី) ។

៣៖ កាតព្វកិច្ចមិនមានគោលបំណងឱ្យធ្វើសកម្មភាព គឺជាកាតព្វកិច្ចដែលភាគីម្ខាងជាម្ចាស់បំណុលមិនឱ្យកូនបំណុលធ្វើសកម្មភាពណាមួយដែលបានកំណត់ក្នុងកិច្ចសន្យានោះឡើយ ។ ផ្អែកតាមសុពលភាពនៃកិច្ចសន្យាឈរលើគោលការណ៍ស្វ័យភាពនៃបុគ្គឯកជន (សេរីភាពនៃការបង្កើតកិច្ចសន្យា) ឧទាហរណ៍៖ កិច្ចសន្យាផ្តល់សិទ្ធិប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម និងជាសាខាភោជនីយដ្ឋានណាមួយ ដែលមានខ្លឹមសារហាមមិនឱ្យកែឆ្នៃរូបមន្តអាហារឬបម្លែងធាតុផ្សំណាមួយដោយខ្លួនឯងឡើយ (មាត្រា ៣១៥ នៃក្រមរដ្ឋប្បវេណី)។

សរុបសេចក្តីមក កាតព្វកិច្ចគឺត្រូវគ្នានឹងសិទ្ធិរបស់ភាគីទាំងសងម្ខាង ដែលភាគីម្ខាងដែលទទួលផលប្រយោជន៍ ហៅថា ម្ចាស់បំណុល ឯភាគីម្ខាងទៀត ដែលទទួលបន្ទុក ហៅថាកូនបំណុល (មាត្រា ៣០៨ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី)។ ម្ចាស់បំណុលមានសិទ្ធិទាមទារឱ្យកូនបំណុលធ្វើ ឬមិនធ្វើសកម្មភាពអ្វីមួយនៅក្នុងកិច្ចសន្យាក្នុងករណីដែលមានចែងខសន្យាជាមុន ។

រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងកញ្ញា ឃាន លក្ខិណា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC)លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕