(បរទេស)៖ លោក Giuseppe Marotta ប្រធានក្លិប Inter Milan មានក្តីរំភើបចំពោះលោក Simone Inzaghi និងចង់ឱ្យគាត់នៅបន្តដឹកនាំទៀត ក្រោយបរាជ័យផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរាត្រីថ្ងៃសៅរ៍ ក៏គួរឱ្យភ្ញាក់ផ្អើលក៏ដោយ។
ក្រុមមកពីលីគកំពូល Serie A របស់អ៉ីតាលីមួយនេះបានខកចិត្ត ២លើក ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League ចំនួន ២លើកជាប់ៗ ក្នុងចំណោម ៣រដូវកាលចុងក្រោយ ស្ថិតក្រោមដឹកនាំដោយលោក Inzaghi ដ្បិតចាញ់ Manchester City ១ទល់នឹង០ កាលឆ្នាំ២០២៣ នៅតួកគី មុនមកចាញ់ PSG ៥-០ ទៀតនៅទឹកដីអាល្លឺម៉ង់។
ទោះជាយ៉ាងនេះក្តី ប្រធានក្លិបខាងលើនៅតែទទូចឱ្យលោកបន្តនៅដឹកនាំដដែល ដោយបាននិយាយថា «ការបរាជ័យនេះមិនប៉ះពាល់អ្វីទេ។ លោក Inzaghi នៅសល់កិច្ចសន្យាជាមួយពួកយើង ១ឆ្នាំទៀត។ វាជាសញ្ញាវិជ្ជមានមួយរបស់គាត់ ក្នុងនាមគ្រូបង្វឹកអាជីព ប្រកបដោយសមត្ថភាព។ ប្រសិនបើគាត់ចង់នៅបន្ត ពួកយើងរីករាយជានិច្ច»។
ថ្មីៗនេះដែរលោក Inzaghi ដែលចូលដឹកនាំ Inter ក្នុងឆ្នាំ២០២១ និងដឹកនាំឈ្នះជើងឯកលីគ Serie A កាលឆ្នាំ២០២៤ ផងនោះ ត្រូវបានក្លិបមកពីអារ៉ាប៊ីសាអូឌីត Al-Hilal ទាក់ទងទៅដឹកនាំបន្ត ប្រសិនបើរូបលោកពិតជាសម្រេចចិត្តជ្រើសរើសផ្លូវចាកចេញមែន។
គួរជម្រាបផងថា Inter នៅមានបេសកកម្មមួយទៀត តាមរយៈចូលរួមព្រឹត្តិការណ៍ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ដែលពួកគេទទួលបានកៅអី១ ក្នុងនាមក្រុមរងជើងឯក UCL 2023។ ១ប្រកួតបើកឆាករបស់ពួកគេក្នុងវគ្គចែកពូល ៣២ក្រុមនេះ នឹងត្រូវតតាំងនឹងក្រុមរបស់មិចស៊ិក Monterrey នាថ្ងៃទី១៨ ខែមិថុនា៕