(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint Germain បានធ្វើពិធីអបអរសាទរ ក្រោយឈ្នះពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2024-25 ជាលើកដំបូងរបស់ពួកគេយ៉ាងអធិកអធមទូទាំងប្រទេសបារាំង កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ។
ការបំបាក់គូប្រជែងមកពីលីគកំពូលអ៉ីតាលី Inter Milan ក្នុងលទ្ធផល ៥ទល់នឹង០ មិនឱ្យតដៃរួចកាលពីរាត្រីថ្ងៃសៅរ៍ នៅអាល្លឺម៉ង់ បានធ្វើឱ្យក្រុមខ្លាំងប្រចាំទីក្រុងប៉ារីស PSG ដណ្តើមបានជើងឯកលីគអឺរ៉ុប UCL ជាលើកដំបូង និងក្លាយជាក្រុមទី២៤ ដែលបានឈ្នះពានកម្រិតកំពូលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមរបស់លោក Luis Enrique បានជិះលើរថយន្តក្រុងបើកដំបូលអស់ជាច្រើនម៉ោងក្នុងកម្មវិធីដង្ហែពានដ៏កម្រនេះរបស់ពួកគេជុំវិញទីក្រុងចាប់ពីចំណុច Champs Elyssees ឆ្ពោះទៅកាន់ Arc de Triomphe ហើយក៏មានការទទួលស្វាគមន៍ពីសំណាក់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថែមទៀតផង។
ការដង្ហែពានដែលពួកគេឈ្នះដល់ទៅ ៤ពានប្រចាំរដូវកាលឆ្នាំ២០២៤-២៥ នេះត្រូវបានបិទបញ្ចប់នៅយប់រំលងអាធ្រាត្រ ក្នុងកីឡដ្ឋាន Parc des Princes របស់ PSG តែម្តង ជាមួយនឹងកម្មវិធីបិទបញ្ចប់សម្រាប់អ្នកទិញសំបុត្រប្រចាំរដូវកាលនៅទីនេះផងដែរ៕