(បរទេស)៖ Los Angeles FC បានទទួលកៅអី១ ដើម្បីឡើងទៅបង្រ្គប់ពូល D ដោយមានតោខៀវ Chelsea នៃព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលចាប់ផ្តើមចាប់ពីពាក់កណ្តាលខែនេះហើយ និងមាន ៣២ក្រុមចូលរួម។

LAFC ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលអាមេរិក Major League Soccer រដូវកាលនេះ បានយកឈ្នះគូប្រជែង Club America របស់មិចស៊ិកដោយលទ្ធផល ២-១ ក្នុងម៉ោងថែម ១៥នាទី ២ដងនាយប់មិញពីវគ្គជម្រុះ ទៅបង្រ្គប់កៅអីរបស់ក្លិប Club Leon ដែលត្រូវបាន FIFA ដកចេញកាលពីខែមីនា ឆ្នាំ២០២៥។

នេះមានន័យថា ក្រុមដែលមានវត្តមានខ្សែប្រយុទ្ធចាស់វស្សា Olivier Giroud និងអ្នកចាំទី Hugo Lloris របស់បារាំងដូចគ្នានោះ បានក្លាយជាក្រុមទី៣ របស់ម្ចាស់ផ្ទះអាមេរិកដែលត្រៀមលេងវគ្គចែកពូលជាមួយ Inter Miami FC និង Seattle Sounders។

១ប្រកួតបើកឆាករបស់ពួកគេ ត្រូវតតាំងនឹងក្រុមមកពីលីគ Premier League គឺ Chelsea នៅថ្ងៃទី១៦ ខែមិថុនា មុនប៉ះក្រុម Flamengo របស់ប្រេស៊ីល និងចុងក្រោយ Sportive de Tunis របស់ទុយនេស៊ីដែលស្ថិតក្នុងពូល D ជាមួយគ្នា ក្នុងការប្រជែងយកកៅអីលេខ១ ឬលេខ២ ដើម្បីឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្តទៀតចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕