(បារីស)៖ ក្រសួងមហាផ្ទៃ បាននិយាយថា មានមនុស្សប្រមាណជាង ៥០០នាក់ត្រូវបានចាប់ខ្លួន ដោយកងមន្រ្តីប៉ូលីស ក្នុងអំឡុងពេលប្រារព្ធពិធីអបអរសារទការឈ្នះពានក្របខ័ណ្ឌ UEFA Champions League 2024-25 របស់ក្រុម PSG ហើយក្នុងនោះមានមនុស្ស ២នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និង ១៩២នាក់បានរងរបួស ។ នេះបើតាមប្រភពពី Reuters ឱ្យដឹងនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។
សូមជម្រាបថា ហេតុការណ៍នេះកើតឡើង នៅទូទាំងរដ្ឋធានីរបស់ប្រទេសបារាំង បន្ទាប់ពីក្រុម Paris St Germain បានផ្តួលគូប្រជែងនៅលីគអ៉ីតាលី Inter Milan ឈ្នះពានលីគអឺរ៉ុបទី១ Champions League ជាលើកដំបូងរបស់ពួកគេ ។
បើតាមការវាយតម្លៃជាបណ្តោះអាសន្ន របស់ក្រសួងមហាផ្ទៃបារាំង នៅថ្ងៃអាទិត្យបង្ហាញថា គឺមានមនុស្សប្រមាណ ៥៥៨នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមាន ៤៩១នាក់ចាប់នៅទីក្រុងប៉ារីស នឹងមានប្រមាណ ៣២០នាក់ត្រូវបញ្ជូនទៅឃុំខ្លួន ។
មន្ត្រីប៉ូលីសបានប្រាប់អ្នកយកព័ត៌មានថា មានបរុសវ័យ ២០ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវរថយន្តបុក ខណៈនៅទីក្រុង Dax មានក្មេងប្រុសវ័យ ១៧ឆ្នាំម្នាក់បានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងង ៕