(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់អាជីព Manchester United ជាក្រុមដែលមានតម្លៃថ្លៃជាងគេទី២ លើលោកបច្ចុប្បន្ន បន្ទាប់ពីក្លិបយក្សរបស់អេស្ប៉ាញ Real Madrid។ នេះបើយោងតាមស្ថិតិរបស់ Forbes ដកស្រង់ចេញផ្សាយដោយ BBC។
ក្រុមបិសាចក្រហមរបស់អង់គ្លេសមួយនេះ មានតម្លៃប្រមាណ ៦.៦ពាន់លានដុល្លារ ជាមួយនឹងចំណូលដុលសរុបខ្ពស់បំផុតដែលពួកគេរកបាននារដូវកាល ២០២៣-២៤ មានដល់ទៅ ៨៣៤លានដុល្លារឯណោះ ស្របពេលក្រុមលេងនៅលីគ La Liga អធិរាជស Real Madrid វិញមានតម្លៃ ៦.៧៥ពាន់លានដុល្លារ ដែលរកបានចំណូលខ្ពស់បំផុត ១.១២៩ពាន់លាដុល្លារ ស្របពេល FC Barcelona ឈរនៅលេខរៀងទី៣។
បើយោងទៅតាម Forbes ដដែលបានបង្ហាញថា United មានការកើនឡើងតម្លៃ ១% បើទោះបីជាក្រុមបិសាចមួយនេះ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងលីគ Premier League រដូវកាល ២០២៣-២៤ និងមិនមានកៅអីលេងពានធំ UCL ក៏ដោយ ហើយរដូវកាលនេះវិញជាប់ចំណាត់ថ្នាក់លេខ១៥ និងពានឈ្នះពានណាមួយសោះ។
នេះមានន័យថា ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ruben Amorim ពុំមានវត្តមានលេងពានអឺរ៉ុបណាមួយឡើយសម្រាប់រដូវកាល ២០២៥-២៦ តាមត្រឹមតែលេងពានក្នុងស្រុកអង់គ្លេស League Cup, FA Cup និង Premier League តែប៉ុណ្ណោះ៕