(បរទេស)៖ ក្រុមហ៊ុន Samsung Electronics ត្រូវបានរាយការណ៍ថា កំពុងបញ្ចប់កិច្ចព្រមព្រៀងសំខាន់មួយជាមួយ Perplexity AI ដែលជាក្រុមហ៊ុន Startup បច្ចេកវិទ្យា AI ដើម្បីបញ្ចូលបច្ចេកវិទ្យាស្វែងរក (search technology) និងជំនួយការច្នៃប្រឌិតរបស់ Perplexity ទៅក្នុងឧបករណ៍ Samsung ពេលអនាគត។ កិច្ចសហការនេះ មានគោលបំណងបង្កើនសមត្ថភាព AI របស់ Samsung និងកាត់បន្ថយការពឹងផ្អែកលើសេវាកម្មរបស់ Google។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Techina Asia នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

Samsung មានផែនការដំឡើងកម្មវិធី និងជំនួយការរបស់ Perplexity ជាមុនលើឧបករណ៍ថ្មីៗ ដូចជា Galaxy S26 ដែលរំពឹងថានឹងចេញលក់ដំបូងក្នុងឆ្នាំ ២០២៦ ដែលនឹងផ្តល់ជម្រើសជំនួសជូនអ្នកប្រើប្រាស់ក្រៅពី Bixby និង Google Gemini។ ការពិភាក្សានេះរួមមានការបញ្ចូលមុខងារ​ស្វែងរក​របស់ Perplexity ទៅក្នុងកម្មវិធី browser របស់ Samsung និងអាចបញ្ចូលជាមួយ Bixby ដែលជាជំនួយការសំឡេងរបស់ខ្លួនផងដែរ។ Samsung ក៏កំពុងពិចារណាចូលរួមវិនិយោគក្នុង Perplexity AI ផងដែរ។ ក្រុមហ៊ុននេះកំពុងរៃអង្គាសប្រាក់វិនិយោគជាថ្មីដែលអាចធ្វើឲ្យមានតម្លៃដល់ប្រហែល ១៤ពាន់លានដុល្លារ។

កិច្ចសហការនេះ អាចធ្វើឲ្យ Samsung បង្កើនបទពិសោធន៍ AI ដល់អ្នកប្រើក្នុងទូរស័ព្ទ និងឧបករណ៍របស់ខ្លួន ដូចនឹងយុទ្ធសាស្ត្រដែល Apple កំពុងអនុវត្ត។ ចំពោះ Perplexity AI នឹងជាកិច្ចសហការធំជាងគេនៅក្នុងវិស័យឧបករណ៍ចល័ត និងជាជំហានដ៏សំខាន់មួយសម្រាប់ការចូលទៅក្នុងទីផ្សារអ្នកប្រើប្រាស់ទូទៅ។

បើទោះបីជាកិច្ចព្រមព្រៀងនេះ មិនទាន់បញ្ចប់ជាផ្លូវការនៅឡើយទេ ការបញ្ចូលបច្ចេកវិទ្យា AI របស់ Perplexity ទៅក្នុងផលិតផលរបស់ Samsung គឺជាការប្រែប្រួលសំខាន់មួយក្នុងវិស័យ AI ចល័ត ហើយអាចនឹងផ្តល់បទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួនខ្ពស់ជាងមុន៕