(ភ្នំពេញ)៖ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអ៉ីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា នៅផ្សារអ៉ីអនទាំងបីសាខា រួមមាន អ៉ីអនភ្នំពេញ, សែនសុខ, និង មានជ័យ។

ពិព័រណ៍ឆ្នាំនេះមានលក្ខណៈកាន់តែពិសេសដោយជាលើកដំបូងដែលផ្សារអ៉ីអនម៉ល បានចូលរួមគាំទ្រក្នុងនាមជាដៃគូសហការជាមួយផ្សារអ៉ីអន ដែលជាជំហានថ្មី សម្រាប់ការលើកស្ទួយផលិតផលខ្មែរ និងជួយពង្រីកឱកាសផ្សព្វផ្សាយ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅលើទីផ្សារដ៏ទូលំទូលាយ។ ពិព័រណ៍បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងទាំងអតិថិជនជាតិ និងអន្តរជាតិ ដែលបានចូលរួមទិញផលិតផលសហគ្រិន ក្នុងស្រុកជាង ៦០ សហគ្រាស ដែលបង្ហាញពីសក្តានុពលនៃផលិតផលជាតិក្នុង ទីផ្សារទំនើប។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យមជាច្រើន ដែលធ្លាប់ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ចាប់តាំងពី ឆ្នាំ២០២០មកមានលទ្ធភាពចូលរួមជាមួយផ្សារអ៉ីអន ក្នុងពិព័រណ៍ផលិតផលក្នុងស្រុក។ ការចូលរួមគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បានធ្វើឱ្យផលិតផល ក្នុងស្រុកមានលក្ខណៈសម្បតិ្ដគ្រប់គ្រាន់ ក្នុងការចូលរួមដាក់លក់ស្របតាម ស្ដង់ដារជាតិ និងអន្ដរជាតិ។ លើសពីនេះការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ បានបន្ថែមការលើកទឹកចិត្តនិងផ្តល់ភាពជឿជាក់ មួយផ្នែកទៀតដល់ សហគ្រាសធុនតូច និងមធ្យម»។

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) បានមានប្រសាសន៍ថា៖ «យើងមានសេចក្តី សោមនស្សរីករាយណាស់ដែលឃើញការគាំទ្រយ៉ាងច្រើនពីអតិថិជនរបស់យើងនៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំនេះ។ ក្រោមពាក្យស្លោកពិព័រណ៍ផលិតផលក្នុងស្រុក «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ» ក្នុងនាមជាអគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រផលិតផលក្នុងស្រុក និងនាំយកនូវទំនិញក្នុងស្រុកថ្មីៗជូនទៅកាន់ អតិថិជនរបស់យើង»

បើប្រៀបធៀបជាមួយឆ្នាំមុនៗ ការគាំទ្រផលិតផលខ្មែរពីសំណាក់អតិថិជន របស់ផ្សារទំនើបអ៉ីអន មានការកើនឡើងកាន់ តែច្រើន ក៏ដោយសារកត្តាចម្បងៗដូចជា ផលិតផលដែលបានដាក់តាំងក្នុង ពិព័រណ៍ក្នុងស្រុកនេះ សុទ្ធតែជា ផលិតផលដែលមានគុណភាព ផលិតទៅតាមស្តង់ដាអន្តរជាតិ គួបផ្សំជាមួយការដាក់តាំងលក់ ផលិតផលបានកាន់តែច្រើន ជាងឆ្នាំមុន និងការពង្រីកទីតាំងលក់ផលិតផលក្នុងស្រុកកាន់តែទូលំទូលាយ។ ចំនុចរួមទាំងអស់ នេះបានជំរុញឱ្យពិព័រណ៍ ផលិតផលក្នុងស្រុកឆ្នាំនេះកាន់តែរស់រវើក និងទទួលបានជោគជ័យ។

លោក អិនដូ ហ៊្វូមីហីកុ អគ្គនាយក ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ខ្ញុំមានកិត្តិយសណាស់ដែលបានសហការជាមួយ អ៉ីអន (ខេមបូឌា) និង សហគ្រិនខ្មែរ ជាផ្នែកមួយក្ក្នុងការជួយពង្រីក ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនេះបានកាន់តែធំជាងមុន ហើយមាននៅគ្រប់សាខាផ្សារទំនើប អ៉ីអនម៉ល។ ការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺបានផ្តោតសំខាន់ទៅលើផលិតផលក្នុងស្រុក ដែលរួមមានដូចជា គ្រឿងទេស បន្លែស្រស់ អាហារ និងរបស់របរប្រើប្រាស់ជាច្រើនទៀត»។

ជាមួយគ្នានេះផងដែរ ផ្សារទំនើប អ៉ីអនម៉ល ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក និងគាំទ្រ ដល់កសិករក្នុងស្រុក រួមទាំងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈការតាំងពិព័រណ៍នេះ ផ្សារទំនើប អ៉ីអនម៉ល មានគោលបំណង ជួយផ្សព្វផ្សាយផលិតផល ដែលផលិតក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយ ជាងមុនទាំងក្នុងស្រុក និងក្រៅស្រុកទៅដល់អតិថិជន ក៏ដូចជាជួយឱ្យមានការរីកចម្រើនអាជីវកម្មក្នុងស្រុកបន្ថែម និងបង្កើន ទំនាក់ទំនងជាមួយ វិស័យឯកជនផងដែរ។

ផ្សារទំនើប អ៉ីអនម៉ល ក៏សូមអញ្ជើញ និងស្វាគមន៍យ៉ាងកក់ក្តៅដល់អតិថិជនគ្រប់រូប ឱ្យចូលរួម គាំទ្រផលិតផលក្នុងស្រុក និងទទួលបានបទពិសោធន៍ថ្មីៗ ជាមួយការរៀបចំ កម្មវិធីនានាដូចជា ការតាំងបង្ហាញពីសិប្បកម្មខ្មែរ និងការសម្តែង សិល្បៈវប្បធម៌នៅផ្សារទំនើប អ៉ីអនម៉ល។

ជាចុងក្រោយ ផ្សារទំនើប អ៉ីអនម៉ល យើងខ្ញុំ សង្ឃឹមថានឹងមានការសហការជាមួយ សហគ្រិនខ្មែរ នៅក្នុងគម្រោងផ្សេងៗ ទៀតនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពជោគជ័យយូរអង្វែងរបស់ សហគមន៍កម្ពុជា។”

បន្ទាប់ពីភាពជោគជ័យនៃព្រឹត្តិការណ៍នេះ សហគ្រិនខ្មែរ និងផ្សារអ៉ីអន សូមប្រកាសបន្ថែមថា ពិព័រណ៍ផលិតផលក្នុងស្រុកលើក បន្ទាប់នឹងត្រូវរៀបចំឡើងនៅ ខែធ្នូ ឆ្នាំ២០២៥ ដោយមានផែនការបង្កើនចំនួនសហគ្រាស ចូលរួមនិងការផ្តោតលើ ការផ្សព្វផ្សាយផលិតផលទៅកាន់សាធារណជនក្នុងវិសាលភាពធំបន្ថែមទៀត។

សូមកុំភ្លេចមកគាំទ្រផលិតផលខ្មែរជាមួយគ្នា ពង្រឹងសេដ្ឋកិច្ចជាតិ និងជម្រុញសហគ្រិនក្នុងស្រុកឲ្យរីកចម្រើន!