(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សាលាអន្តរជាតិប៊្លូឡាញ (Blueline) បានប្រកាសជាសាធារណៈ អំពីការអនុវត្តកម្មវិធីសិក្សាអន្តរជាតិស្តង់ដា ពីប្រទេសអូស្រ្តាលី ដែលកម្មវិធីនេះ នាំយកមកនូវភាពច្នៃប្រឌិត និងការសិក្សាតាមបច្ចេកវិទ្យាទំនើប បូករួមនិងគ្រូបង្រៀនដែលមានសមត្ថភាព គុណវុឌ្ឍិ និងបទពិសោធន៍ពេញលេញ ដើម្បីពង្រឹងជំនាញសតវត្សរ៍ទី២១។
បើតាមប្រសាសន៍របស់ លោក ផល សុភ័ណ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនប៊្លូប៊ើដ អ៊ីនធើណេសិនណល អេឌ្យូខេសិន ឯ.ក បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការពង្រីកកម្មវិធីសិក្សាអន្តរជាតិនេះគឺ ផ្តោតលើការធានាបាននូវគុណភាពអប់រំខ្ពស់ សម្រាប់សិស្សានុសិស្សត្រៀមលក្ខណៈ ចូលទៅថ្នាក់ឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមចំណែកក្នុងការកសាងសង្គមជាតិ ក្នុងនាមជាសសរស្តម្ភ ដែលប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងវប្បធម៌ជ្រៅជ្រះ។
បន្ថែមពីលើនេះ គណៈគ្រប់គ្រងសាលា នឹងបន្តពង្រឹង អភិវឌ្ឍប្រព័ន្ធអប់រំរបស់ខ្លួនឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សក្នុងការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ បំណិនក្នុងសតវត្សទី២១ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
កម្មវិធីសិក្សាអូស្ត្រាលីភាគខាងលិចនេះ មានការលើកកម្ពស់ខ្ពស់ទៅលើបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស និងការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការជំរុញការអប់រំបែបឌីជីថល ព្រមទាំងការបណ្តុះក្តីស្រលាញ់ផ្នែកភាសា អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលអនាគត។
លើសពីនេះទៅទៀតសិស្សានុសិស្សនៅសាលាអន្តរជាតិប៊្លូឡាញ នឹងទទួលបានសញ្ញាបត្រពីគឺ៖ សញ្ញាបត្របាក់ឌុបពីប្រទេសអូស្ត្រាលី (Western Australian Certificate of Education) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ភាពងាយស្រួល ក្នុងការត្រៀមចូលសាកលវិទ្យាល័យទាំងក្នុងស្រុក និងបណ្តាប្រទេសនានាលើសកលលោក។
ជំហានដ៏រឹងមាំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលា ចំពោះការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សដោយផ្តោតលើសុខុមាលភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាវិជ្ជាជីវៈ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចចក្ខុវិស័យកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលការណ៍នេះទាមទារជាចំបាច់នូវធនធានមនុស្ស ប្រកបដោយសក្តានុពលនឹងមានជំនាញខ្ពស់៕