(ភ្នំពេញ)៖ គ្រូយុទ្ធគុនខ្មែរបុរាណ បានថ្លែងនូវការគោរពអរគុណ និងដឹងគុណ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានផ្ដោតការយកចិត្តទុដាក់ខ្ពស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ តាមរយៈការជំរុញឲ្យមានវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ធ្វើឲ្យគ្រូគុនទាំងអស់ បានសិក្សាស្វែងយល់ និងទទួលបានចំណេះដឹងបច្ចេកទេសថ្មីៗជាច្រើន សម្រាប់យកទៅអភិវឌ្ឍន៍សមត្ថភាពសិស្សគុនរបស់ខ្លួន ត្រៀមការប្រកួតដ៏ធំប្រចាំឆ្នាំ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

នេះបើតាមការលើកឡើងរបស់សិក្ខាកាម ដែលបានចូលរួមសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ ជំនាន់ទី១ (វគ្គទី២) សម្រាប់គ្រូបង្វឹកកីឡាយុទ្ធគុនបុរាណខ្មែរ ដែលរៀបចំដោយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រយៈពេល ២ថ្ងៃ នៅសាលាកីឡាគុណធម៌ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសគ្រូបង្វឹកមកពីគ្រប់យុទ្ធគុន សម្រាប់ត្រៀមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ។

លោក ឃុន ឌីម៉ា គ្រូបង្វឹកប្រដាល់គុនខ្មែរ និងជាអតីតកីឡាករឆ្នើមរបស់កម្ពុជា ដែលជាសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើ បានបញ្ជាក់ថា ឆ្លងកាត់ការសិក្សា ២វគ្គកន្លងមក បានក្លាយជាបទពិសោធន៍មួយដ៏ល្អ បន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗជាច្រើន ពោលគឺអ្វីដែលលោកមិនធ្លាប់បានរៀន អ្វីដែលលោកធ្លាប់តែលឺ ឬអ្វីដែលធ្លាប់បានហ្វឹកហាត់ដោយស្រពេចស្រពិល ដូចជាក្បាច់ខ្លាក្រាប ក្រពើហារ ស្រងែពេន ជាដើម គឺលោកបានជួប និងបានឃើញផ្ទាល់ភ្នែក តាមរយៈការចែករំលែករបស់ចាស់ព្រឹទ្ធាចារ្យ ដែលជាគ្រូឧទ្ទេសប្រចាំវគ្គនេះ។

លោកបន្ដថា «ឆ្លងកាត់ការសិក្សា ២វគ្គនេះហើយ បានធ្វើឲ្យខ្ញុំដឹងថា ក្បាច់គុនបុរាណខ្មែរ ពិតជាសម្បូរបែបខ្លាំងណាស់ ។ និយាយពីគុនខ្មែរ ខ្ញុំហាត់បានច្រើនដែរ តែអត់សូវទូលំទូលាយ ប៉ុន្ដែបានចូលសិក្សាវគ្គនេះ គ្រូឧទ្ទេស និងអ្នកជំនាញ គាត់ពន្យល់បន្ថែម ទាក់ទងនឹងក្បាច់គុនខ្មែរបុរាណ ក្បាច់ខ្លះយើងមិនអាចប្រើប្រាស់លើសង្វៀនបាន តែពេលបានជួប បានសិក្សា ខ្ញុំបានស្វែងយល់ និងទទួលបានចំណេះដឹងច្រើនពីពួកគាត់។ ខ្ញុំបាទ ឃុន ឌីម៉ា សូមគោរពអរគុណ និងដឹងគុណចំពោះសម្ដេចមហាបវរធិបតី ដែលលោកបានផ្ដួចផ្ដើម និងគាំទ្រដល់ការរៀបចំវគ្គសិក្សារៀនសូត្រវគ្គ និងវគ្គផ្សេងៗទៀត»

ដោយឡែកលោក ស៊ីន គឹមហេង គ្រូកីឡាកងយោធពលខេមរភូមិន្ទ មកពីខេត្តបន្ទាយមានជ័យ បានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណសម្ដេចបវរធិបតី ដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ធ្វើឲ្យការអភិវឌ្ឍយុទ្ធគុនខ្មែរបុរាណរបស់យើង កាន់តែវិវឌ្ឍន៍ និងរីកចម្រើនទៅមុខ ។ ខ្ញុំសង្ឃឹមថា ទៅមុខទៀត នឹងមានវគ្គល្អៗ និងមានគ្រូឧទ្ទេសល្អៗ ដើម្បីចែករំលែកចំណេះដឹង និងបច្ចេកទេសថ្មីៗ ក្នុងការពង្រឹងដល់ការអភិវឌ្ឍកីឡាករ-កីឡាការិនីកាន់តែល្អប្រសើរបន្ថែមទៀត»

ក្រោយបញ្ចប់វគ្គនេះដែរ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានរៀបចំវគ្គនេះឡើង ដោយមានសិក្ខាកាមចូលរួម ៧០នាក់ ដើម្បីធ្វើសុក្រឹតភាពបច្ចេកទេសឲ្យគ្រូយុទ្ធគុនទាំងអស់ មានចំណេះដឹង និងភាពគត់មុតផ្នែកបច្ចេកទេសមូលដ្ឋានគ្រឹះនីមួយៗ ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំសិក្សារបស់គ្រូបង្វឹកទាំងអស់ ដែលជាលទ្ធផលមានសិក្ខាកាមប្រមាណ ៨០% ទទួលបានលទ្ធផលល្អប្រសើរ។

លោកបន្ដថា «ជាមួយគុណផលកីឡា ដែលបានពីការរៀនសូត្ររយៈពេល ២ថ្ងៃកន្លងមកនេះ យើងសង្ឃឹមថា លោកគ្រូ-អ្នកគាំទ្រទាំងអស់ ដែលបានចូលសិក្សានេះ នឹងធ្វើការចែករំលែកទៅដល់សិស្សគុណរបស់គាត់ឲ្យបានលទ្ធផលល្អ សម្រាប់ត្រៀមការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ឆ្នាំ២០២៥ នេះ ស្របតាមអនុសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចថា នឹងពង្រីកការប្រកួតឆ្នាំនេះឲ្យកាន់តែធំ មានគ្រប់ទម្រង់ មានភាពសម្បូរបែប និងមានការគាំទ្រកាន់តែខ្លាំងឡើង សម្រាប់ការប្រកួតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក»

សម្រាប់ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណដ៏ធំប្រចាំឆ្នាំ នាចុងខែវិច្ឆិកាខាងមុខ ក្រៅពីការប្រកួត ដោយទទួលបានអនុសាសន៍ណែនាំពីសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី គ.ច.យ.ខ.ព និងគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលមានលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធាន ក៏នឹងរៀបចំនូវពិព័រណ៌ និងតាំងបង្ហាញនូវយុទ្ធគុនចម្រុះខ្មែរបុរាណ គ្រប់ទម្រង់ គ្រប់ប្រភេទ ទាំងអាវុធយុទ្ធភណ្ឌ យុទ្ធមន្ដ និងការសាក់យ័ន្ដជាដើម នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបើកឲ្យប្រជាពលរដ្ឋ និងសិស្ស-និស្សិតបានសិក្សាស្វែងយល់ និងចូលរួមថែរក្សានូវសម្បត្តិមរតកដូនតាខ្មែរដ៏ថ្លៃថ្លានេះផងដែរ៕