(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ឱ្យកាន់តែប្រសើរឡើង។

ភាពជាដៃគូនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាពខ្លាំងក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេ នៅក្នុងមូលដ្ឋានរបស់ធនាគារ វីង ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរបែប ដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «ការចាប់ដៃសហការជាមួយធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំ នាំយកនូវដំណោះ ស្រាយហិរញ្ញវត្ថុ លំដាប់ពិភពលោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះគឺជាជំហ៊ានដ៏សំខាន់មួយសំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាពពាណិជ្ជកម្មអន្តរជាតិ ឱ្យកាន់តែប្រសើរឡើង»

ភាពជាដៃគូនេះ មានគោលបំណងច្របាច់បញ្ចូលគ្នា ក្នុងការប្រើប្រាស់បណ្តាញឯកទេសហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី រួមជាមួយវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជូនដំណោះស្រាយធនាគារជាច្រើនដូចជា៖ ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មជាដើម ដើម្បីគាំទ្រកំណើនតម្រូវការ អាជីវកម្មអន្តរជាតិ។ ការផ្តោតសំខាន់គឺគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំណែក ៩៨% នៃអាជីវកម្មកំពុងដំណើរការ ៧០% នៃការផ្តល់ឱកាសការងារដល់ប្រជាជន និងប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាទៀតផង។

លោក Victor Lee Meng Teck ប្រធាននាយកប្រតិបត្តិ នៃ CIMB Singapore និងប្រធាននាយកប្រតិបត្តិ Growth Markets បានបញ្ជាក់បន្ថែមថា «កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយនឹងធនាគារ វីង បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន។ តាមរយៈកិច្ចសហការរួមគ្នានេះ យើងនឹងនាំមកនូវគុណតម្លៃថ្មី សម្រាប់អតិថិជន ក៏ដូចជាពង្រឹងមធ្យោបាយហិរញ្ញវត្ថុ រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា»

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១% បើធៀបនឹងឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេសដំណើរការកាន់តែរលូន ហើយអាជីវកម្មរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត។

កិច្ចសហការនេះ នឹងប្រើប្រាស់ជំនាញឯកទេសរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិនាំមុខគេមួយក្នុងតំបន់អាស៊ាន រួមជាមួយឯកទេសក្នុងស្រុកដ៏ជំនាញរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអតិថិជនដែលមានចំណូលខ្ពស់នូវជម្រើសវិនិយោគមានភាពបត់បែន ក៏ដូចជាដំណោះស្រាយគ្រប់គ្រងទ្រព្យសម្បត្តិ ដ៏មានសុវត្ថិភាព ដែលសមស្របទៅនឹងភាពរីកចម្រើនរបស់ទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូដ៏សំខាន់នេះ គឺជាការត្រួសត្រាយផ្លូវដ៏សំខាន់សម្រាប់យុគសម័យថ្មីនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា សំដៅជំរុញឱ្យមានកំណើននវានុវត្តន៍ បរិយាបន្នហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាព។ តាមរយៈជំរុញការតភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ កិច្ចសហការរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងនាំមកនូវវិបុលភាព និងសមាហរណកម្មកាន់តែរឹងមាំសម្រាប់អនាគតដ៏ត្រចះត្រង់ក្នុងតំបន់អាស៊ាន៕