(ភ្នំពេញ)៖ ជារឿងរាល់ឆ្នាំ សាលាអាមេរិកាំងហ្គោលឌិនហ្គេត តែងតែរៀបចំទិវាគ្រួសារ ដើម្បីបង្កើតភាពស្និតស្នាលរវាងសិស្សនិងឪពុកម្ដាយ និងផ្តល់ឱកាសឲ្យសិស្សានុសិស្សបានបង្ហាញ នូវការដឹងគុណ និងមានកតញ្ញូតាធម៌ចំពោះឪពុកម្តាយរបស់ពួកគេ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សាពួកគេ។
ថ្លែងក្នុងទិវាគ្រួសារ ដែលបានរៀបចំឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតសាខាភ្នំពេញថ្មី លោកស្រី ប៊ួយ ប៊ុនថាន នាយិការងសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានប្រសាសន៍ថា នេះជាលើកទី៦ហើយ ដែលសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរៀបចំទិវាគ្រួសារនេះឡើង ក្នុងគោលបំណងបណ្តុះស្មារតីសិស្សឱ្យចេះគោរពស្រលាញ់ និងមានកតញ្ញូតាធម៌ ចំពោះអ្នកមានគុណ និងឱ្យសិស្សសិក្សាបន្ថែមពីប្រណៃណីវប្បធម៌ សាសនា ដើម្បីឱ្យពួកគេចូលរួមថែរក្សាទាំងអស់គ្នា។
លោកស្រីបន្ថែមថា ការរៀបចំកម្មវិធីនេះ ក៏ទទួលបានការគាំទ្រពីអាណាព្យាបាលសិស្សយ៉ាងខ្លាំងផងដែរ ព្រោះតាមរយៈការរៀបចំនូវកម្មវិធីនេះបានជះឥទ្ធិពលជាវិជ្ជមានដល់សិក្សានុសិស្សដោយពួកគេ កាន់តែគោរពស្រលាញ់ឪពុកម្តាយ និងខិតខំរៀនសូត្របន្ថែម ដើម្បីជាការសងគុណទៅកាន់ឪពុកម្តាយរបស់ពួកគេ។
បន្ថែមពីនេះ កម្មវិធីទិវាគ្រួសារដែលបានរៀបចំឡើងក្នុងឱកាសនេះ ក៏ធ្វើឡើងក្នុងគោលបំណងកៀរគរថវិកាសម្រាប់មូលនិធីរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ដើម្បីយកទៅជួយដល់សិស្សក្រីក្រនៅតាមទីជនបទនានាផងដែរ។
អាណាព្យាបាលដែលមានកូនកំពុងសិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្តេត បានសម្តែងការគាំទ្រ និងជំរុញឱ្យសាលាបន្តរៀបចំកម្មវិធីទិវាគ្រួសារនេះទៀត ព្រោះកម្មវិធីនេះ ពិតជាសំខាន់ធ្វើឱ្យកូនទទួលបានការផ្សាភ្ជាប់ក្តីស្រលាញ់ និងទំនាក់ទំនងល្អក្នុងគ្រួសារ និងជួយដាស់តឿនដល់ស្មារតីកូនៗ ឱ្យគោរព និងស្រលាញ់ដល់អ្នកដែលបានផ្តល់កំណើត។ ជាមួយគ្នានេះ ពួកគាត់កត់សម្គាល់ថា បន្ទាប់ពីបញ្ជូនកូនមកសិក្សានៅសាលានេះ កូនកាន់តែមានសីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ ព្រមទាំងចេះគោរពនិងស្រលាញ់ឪពុកម្តាយ បន្ថែមពីលើចំណេះដឹងដែលពួកគេទទួលបានពីការរៀនសូត្រ។
គួរបញ្ជាក់ផងដែរថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាសាលាអន្តរជាតិដែលមានការទទួលស្គាល់គុណភាពអប់រំ ពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេស មានការទទួលស្គាល់ និងសហការពីស្ថាប័នអប់រំសំខាន់ៗជាច្រើនដូចជា ស្ថាប័នអប់រំអន្តរជាតិ IB (The International Baccalaureate) ក្រុមប្រឹក្សាសាលាអន្តរជាតិ (The Council of International Schools – CIS) ស្ថាប័នអប់រំ College Board ដែលក្នុងនោះមានស្ថាប័នអប់រំសំខាន់ៗដូចជាស្ថាប័នអប់រំអន្តរជាតិ ACT ស្ថាប័នអប់រំអន្តរជាតិ AP និងស្ថាប័នអប់រំ SAT។
សាលាអាមេរិកាំងហ្គោលឌិនហ្គេតមានកម្មវិធីសិក្សាសំខាន់ៗដូចជា កម្មវិធីសិក្សា IB (PYP, MYP, DP) កម្មវិធីសិក្សាភាសាខ្មែរ កម្មវិធីសិក្សាអាមេរិកាំង និងកម្មវិធីសិក្សាភាសាចិន ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មធ្យមសិក្សា។ ជាពិសេសសិស្សានុសិស្សដែលសិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតនឹងទទួលបានព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្របញ្ជាក់ការសិក្សាពីសាលារៀន Busche Academy នៅសហរដ្ឋអាមេរិកបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថែមទៀតផង។ សាលាអាមេរិកាំងហ្គោលឌិនហ្គេតលើកកម្ពស់សិស្សានុសិស្សចូលរួមការប្រលងប្រជែងនានា ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត ភាសាអង់គ្លេស កីឡា ថែមទាំងផ្តល់ឱកាសឱ្យសិស្សានុសិស្សចូលរួមសកម្មភាពសង្គមនានា និងមានទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេសជាច្រើនដើម្បីឲ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ និងអភិវឌ្ឍបំនិនជីវិតបន្ថែម៕