(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងបញ្ជូនកីឡាករ-កីឡាការិនី ១១រូប ចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៤-១៥ ខែមិថុនាខាងមុខ ។ បេសកកម្មនេះ ផ្ដើមចេញពីការរួមគ្នា រវាងថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ-កីឡាការិនី ដែលបានស្ម័គ្រចិត្តឧបត្ថម្ភថវិកាមួយចំនួន សម្រាប់សម្រួលដល់ការធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមការប្រកួតលើឆាកអន្ដរជាតិ ក្រោមការដឹកនាំរបស់លោក សេង សៅហាក់ ប្រធានសហព័ន្ធ ដើម្បីបានផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីរបស់ខ្លួន បានបង្ហាញសមត្ថភាព ក៏ដូចជាធ្វើការប្រកួតប្រជែងមេដាយ និងដណ្ដើមកិត្តិយសជូនជាតិមាតុភូមិ បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ។
ទន្ទឹមជាមួយការខិតខំជំរុញ និងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតលើឆាកអន្ដរជាតិនេះដែរ ដោយសារសហព័ន្ធ ពុំមានការជួយជ្រោមជ្រែងពីស្ថាប័នណា សហព័ន្ធក៏មានបញ្ហាហិរញ្ញវត្ថុខ្លះដែរ តែដោយមានការជ្រោមជ្រែងស្ទើរទាំងស្រុងពីប្រធាន និងថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាការស្ម័គ្រចិត្តចូលរួមឧបត្ថម្ភពីសំណាក់កីឡាករ-កីឡាការិនី ទើបជំរុញឲ្យបេសកកម្មនេះ លេចចេញជារូបរាងឡើង។
អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «កញ្ចប់ថវិកាដែលយើងគ្រោងចំណាយចេញទៅប្រកួតលើកនេះ ខ្ទង់ជាង ៨ពាន់ដុល្លារ ក្នុងនោះកីឡាករ-កីឡាការិនីរបស់យើង បានស្ម័គ្រចិត្ដឧបត្ថម្ភក្នុងការដំណើរបានប្រហែលជា ៥០% ។ អ៊ីចឹងនៅសល់ប្រហែល ៥០% ទៀត គឺថ្នាក់ដឹកនាំរបស់យើង ពិសេសប្រធានសហព័ន្ធលោកឧកញ៉ា សេង សៅហាក់ និងអនុប្រធានលោក គួច ហុងជៀក ដែលបានឧបត្ថម្ភជាកញ្ចប់ធំបង្គ្រប់លើការចំណាយនៃបេសកកម្មនេះ»។
យ៉ាងណាមិញ ក្នុងនាមសហព័ន្ធ លោក គង់ ចាន់ធីណា ក៏បានអរគុណក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានគាំទ្រផ្នែកច្បាប់ទម្លាប់ផ្ដល់ជូនឲ្យសហព័ន្ធបានចេញទៅប្រកួតនៅក្រៅប្រទេស ក៏ដូចជាគ្រប់អង្គភាព និងក្រុមហ៊ុនដៃគូ ដែលតែងគាំទ្របេសកកម្ម និងសកម្មភាពរបស់កីឡាហាប់គីដូកម្ពុជា។
គួរដឹងថា ក្រុមអត្តពលិកកីឡាហាប់គីដូកម្ពុជា គ្រោងធ្វើដំណើរពីកម្ពុជា តាមរថយន្ដឆ្ពោះទៅប្រទេសថៃ នៅថ្ងៃទី១០ ខែមិថុនា មុនបន្ដដំណើរតាមយន្ដហោះឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមការប្រកួតផ្លូវការ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយព្រឹត្តិការណ៍មានអត្តពលិកចូលរួមសរុបចំនួន ៨ប្រទេស៕