(តាកែវ)៖ នៅពេលដែលមនុស្សនិយាយអំពីស្រាដែលផលិតពីផ្លែឈើ ពួកគេតែងតែបង្ហាញអំពីពូជទំពាំងបាយជូរ ឬ cranberry ដ៏ល្បីល្បាញលើពិភពលោក។ ប៉ុន្តែនៅក្នុងខេត្តតាកែវនៃប្រទេសកម្ពុជា មោទនភាពនៃផលិតផលក្នុងស្រុកថ្មីមួយ កំពុងត្រូវបានគេដាក់បង្ហាញ នោះគឺការច្នៃផ្លែព្រីង ជាស្រាដ៏មានឳជារសយ៉ាងក្រៃលែង។

ស្រាព្រីង ដែលទើបមានជាលើកដំបូងក្នុងប្រទេសកម្ពុជា ត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរ ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ស្រាព្រីង ដ៏ពិសេសនេះមិនត្រឹមតែជាការបន្ថែមនូវផលិតផលថ្មីដល់ទីផ្សារសិប្បករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញានៃអត្តសញ្ញាណជាតិ ធនធាន និងការពង្រឹងដល់ជនបទផងដែរ។

ម្ចាស់សិប្បកម្មស្រាព្រីង លោក រស់ ខេត គឺជាអ្នកបច្ចេកទេសកសិឧស្សាហកម្ម ដែលធ្លាប់រៀនធ្វើស្រាជាមួយផ្លែស្វាយនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម។ ថ្ងៃមួយ នៅពេលត្រឡប់មកផ្ទះរបស់លោក នៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ លោកបានឃើញផ្លែព្រីង ដ៏ច្រើនបរិបូរណ៍។ ដោយសារព្រីង ជាផ្លែឈើដាំដុះមានតែនៅក្នុងតំបន់ត្រូពិច ទើបគេមិន សូវដែលឃើញការច្នៃព្រីងនេះ ធ្វើជាផលិតផលកសិឧស្សាហកម្មឡើយ។ លោក រស់ ខេត បានចាប់អារម្មណ៍ចំពោះការកែច្នៃព្រីង របស់ខ្មែរដើម្បីក្លាយជាស្រាដើម្បីការចង់ប្រកួតប្រជែង ជាមួយស្រាបរទេស។

លោក រស់ ខេត បានថ្លែងថា៖ «ខ្ញុំបានចាប់ផ្តើមពិសោធន៍ផលិតស្រាព្រីងនេះនៅឆ្នាំ ២០១២ ហើយបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០១៣។ ខ្ញុំឃើញមានដើមព្រីងជាច្រើននៅស្រុកព្រៃកប្បាស ហើយខ្ញុំគិតថា ម៉េចក៏គេមិនយកវាធ្វើជាស្រា?» គំនិតរបស់លោកនេះហើយ បាននាំទៅរកការបង្កើតស្រាព្រីងដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលជាផលិតផលក្នុងស្រុក។ បច្ចុប្បន្ន ព្រីងដែលបានយកមកផលិតនេះ រួមមានព្រីង បាយ, ព្រីងដោះក្របី, ព្រីងម៉ាឡេ ដែលត្រូវបាននាំមកពីឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ស្រាព្រីងនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម និងបញ្ចូលក្នុងកម្មវិធីជាតិ «ភូមិមួយ ផលិតផលមួយ»។ ស្រាព្រីងនេះ បានបំពេញតាមស្តង់ដារអនាម័យ និងផលិតកម្មតាមតម្រូវការទាំងអស់។ លោក រស់ ខេត បានសម្តែងមោទនភាពចំពោះលក្ខណៈសម្បត្តិនិងគុណភាពរបស់ស្រាព្រីង ដែលលោកផលិត។ លោកបានថ្លែងថា៖ «ព្រីងជួយកាត់បន្ថយកម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងរាងកាយ។ វាមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទេ វាជួយសម្រួលដល់ការរំលាយអាហារ និងជួយឱ្យអ្នកដកដង្ហើមបានស្រួល»។ មិនដូចស្រាឧស្សាហកម្មទេ ស្រាព្រីងត្រូវបានផលិតដោយដៃ និងដោយយកចិត្តទុកដាក់ រក្សារសជាតិធម្មជាតិរបស់ផ្លែឈើ ខណៈពេលដែលបន្ថែមភាពច្នៃប្រឌិតបែបខ្មែរ។ វាមិនមែនគ្រាន់តែជាភេសជ្ជៈទេ វាគឺជាការច្នៃប្រឌិតមួយដែលលើកស្ទួយកសិករកម្ពុជា និងជាអត្តសញ្ញាណ មួយរបស់ខេត្តតាកែវ នៃប្រទេសកម្ពុជាថែមទៀត។

ស្រាព្រីងនេះ ក៏អាចជាការច្នៃប្រឌិតមួយ ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរអាចផលិតអ្វីដែលមានដើមកំណើតនៅលើទឹកដីរបស់ខ្លួន ស្របនឹងពាក្សស្លោកដែលយុវជនទួទៅតែងនិយាយថា «ខ្មែរធ្វើបាន» ពីព្រោះផ្លែឈើដែលគេមិនសូវចាបអារម្មណ៍នោះ ស្រាប់តែត្រូវបានច្នៃជា ស្រាដ៏មានឳជារសឈ្ងុយឆ្ងាញ់។

លោក រស់ ខេត អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់អន្តរជាតិទាំងអស់ ជឿជាក់លើគុណភាពផលិតផលខ្មែរ៖ «ខ្ញុំចង់ឱ្យអ្នករាល់គ្នារីករាយជាមួយផលិតផលក្នុងស្រុកនេះ ដោយមិនភ័យខ្លាច មានសារធាតុគីមី ហើយស្រាព្រីងនេះ ត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់បំផុតថែមទៀត។ ការគាំទ្រផលិតផលខ្មែរនេះ មានន័យថា យើងគាំទ្រស្នាដៃសិល្បៈខ្មែរ និងសេដ្ឋកិច្ចក្នុងស្រុករបស់យើង»