(បរទេស)៖ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google បានប្រកាសនៅថ្ងៃសៅរ៍ថា ខ្លួននឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់ចៅក្រមសហព័ន្ធ ដែលស្នើវិធានការកាត់បន្ថយការប្រកួតប្រជែងលើទីផ្សារស្វែងរកអនឡាញ ដែលមានលក្ខណៈតិចជាងការចាត់វិធានការរយៈពេល ១០ ឆ្នាំដែលស្នើឡើងដោយអ្នកអនុវត្តច្បាប់ប្រឆាំងការផ្ដាច់មុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Google បានបង្ហោះនៅលើបណ្តាញសង្គម X ថា៖ «យើងនឹងរង់ចាំការសម្រេចរបស់តុលាការ។ ហើយយើងនៅតែជឿជាក់យ៉ាងមុតមាំថា ការសម្រេចដំបូងរបស់តុលាការគឺ ខុស ហើយទន្ទឹងរង់ចាំការប្តឹងឧទ្ធរណ៍របស់យើង»។ ជាមួយគ្នានេះ លោក Amit Mehta ចៅក្រមសហព័ន្ធប្រចាំសាលាដំបូងនៃសហរដ្ឋអាមេរិកនៅទីក្រុង Washington ដែលស្ថិតនៅក្នុងសន្និដ្ឋានចុងនៅក្នុងសវនាការមួយស្តីពីសំណើដើម្បីដោះស្រាយបញ្ហានៃការផ្ដាច់មុខខុសច្បាប់របស់ Google លើទីផ្សារស្វែងរកអនឡាញ និងការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ បានឱ្យដឹងថា Google ពិតជាបានគ្រប់គ្រងទីផ្សារចំនួនពីរដោយខុសច្បាប់ពិតមែន សម្រាប់បច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។ ខណៈក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានស្នើឱ្យ Google គួរតែលក់ចេញនូវ Google Ad Manager របស់ខ្លួន ដែលរួមបញ្ចូលទាំងម៉ាស៊ីនមេបម្រើការផ្សាយពាណិជ្ជកម្ម និងការផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន។
ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ និងស្ថាប័នរដ្ឋនានាចង់ឱ្យ Google ចែករំលែកទិន្នន័យស្វែងរក និងបញ្ឈប់រាល់ការទូទាត់រាប់ពាន់លានដុល្លារទៅក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀត ដើម្បីឱ្យ Google ក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើម (default search engine) នៅលើឧបករណ៍ថ្មីៗ។ ប៉ុន្តែអ្នកអនុវត្តច្បាប់ប្រឆាំងការផ្ដាច់មុខមានការព្រួយបារម្ភអំពីរបៀបដែលការផ្ដាច់មុខលើទីផ្សារស្វែងរករបស់ Google ផ្តល់អត្ថប្រយោជន៍ដល់ផលិតផលបញ្ញាសិប្បនិមិត្ត (AI) ដូចជា Gemini ជាដើម។
គួរជម្រាបថា លោក John Schmidtlein មេធាវីរបស់ Google បានថ្លែងនៅក្នុងសវនាការថា ខណៈពេលដែល AI ជំនាន់ថ្មីកំពុងមានឥទ្ធិពលលើមុខងារស្វែងរក Google បានដោះស្រាយបញ្ហាប្រកួតប្រជែងនៅក្នុង AI ដោយបញ្ចប់កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនផ្តល់សេវាឥតខ្សែ និងក្រុមហ៊ុនផលិតស្មាតហ្វូន រួមទាំង Samsung Electronics ផងដែរ។ ខណៈការផ្លាស់ប្តូរនេះ អនុញ្ញាតឱ្យក្រុមហ៊ុនផលិតទាំងនេះមានសេរីភាពក្នុងការផ្ទុកកម្មវិធីស្វែងរកគូប្រជែង និង AI ជាមុននៅលើឧបករណ៍ថ្មីរបស់ពួកគេ៕