(កូរ៉េខាងត្បូង)៖ គ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូង លោក Hong Myung-bo បានឱ្យដឹងនាថ្ងៃចន្ទនេះថា ប្រធានក្រុមកូរ៉េខាងត្បូង Son Heung-min មិនទាន់ច្បាស់ថា អាចទទួលបានជម្រើសលេងច្រើន ឬបានតិចតួចក្នុងការប្រកួតជម្រុះ FIFA World Cup 2026 តំបន់អាស៊ី ទល់ក្រុមអ៊ីរ៉ាក់ និងគុយវ៉ែត ខណៈពេលនេះរូបគេកំពុងតែស្ថិតក្នុងស្ថានភាពពង្រឹងកាយសម្បទា បន្ទាប់ពីមានបញ្ហារបួសជើង។
បញ្ជាក់ផងថា ក្រុមកូរ៉េខាងត្បូង នឹងមានកៅអីឡើងទៅលេងជុំចុងក្រោយបាល់ទាត់ពិភពលោក លើកទី១១ ជាប់ៗគ្នារបស់ពួកគេ ដែលមានសហម្ចាស់ផ្ទះរួមគ្នារវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ប្រសិនណាពួកគេអាចយកឈ្នះក្រុមអ៊ីរ៉ាក់ ដែលកំពុងស្ថិតក្រោមការដឹកនាំដោយ Graham Arnold ។
ខណៈបញ្ហារបួសនិងការសម្រាកព្យាបាលរយៈពេល ២ខែកន្លងមកនោះ បានធ្វើឱ្យខ្សែប្រយុទ្ធឆ្នើមតំបន់អាស៊ី Son Heung-min ឈរត្រឹមជម្រើសទី២ នៅជំនួបយកបានជ័យជម្នះរបស់ Tottenham Hotspur ទៅលើ Manchester United ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League 2024-25 ។
សម្រាប់ការលេងវគ្គជម្រុះជុំទី៣ FIFA World Cup 2026 កូរ៉េខាងត្បូង ពេលនេះកំពុងកាន់ ១៦ពិន្ទុក្នុងដៃនាំមុខគេក្នុងពូល B សល់ ២ប្រកួតបញ្ចប់វគ្គជម្រុះនេះ ជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី០៥ ខែនេះ បន្ទាប់មកនឹងបើកទ្វាផ្ទះទទួលក្រុមគុយវ៉ែត នៅរយៈពេល ៥ថ្ងៃបន្ទាប់ ដ្បិតក្រុមឈរលេខ២ ហ្សកដានី ក៏ត្រូវការឈ្នះនៅ ២ប្រកួតចុងក្រោយនេះ ដើម្បីឡើងជុំចុងក្រោយ ៕