(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅ Manchester City លោក Pep Guardiola បានដាក់កីឡាករខ្សែការពារ Ryan Ait-Nouri ក្នុងបញ្ជីបឋម ដើម្បីដោះស្រាយនៅតំបន់ការពារដែលកំពុងជួបវិបត្តិនាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមមេឃខៀវមួយនេះបានកំពុងជួបបញ្ហាជាខ្លាំងនៅតំបន់ការពារស្លាបឆ្វេង ពោលគឺគិតចាប់តាំងពីកីឡាករ Benjamin Mendy ចាកចេញរួចមក ក្រោយបង្ហាញខ្លួនចុងក្រោយនាអំឡុងខែសីហា ឆ្នាំ២០២១។

ខ្សែការពារ Oleksandr Zinchenko, Joao Cancelo និង Josko Gvardiol គឺជាកីឡាករដែលគ្រូបង្វឹកអេស្ប៉ាញ បានជ្រើសរើសជំនួសសម្រាប់តំណែងរបស់ Mendy នៅមុនពេលលោក Pep សម្រេចដាក់គោលដៅយក Ait-Nouri គឺជាបេក្ខភាពសំខាន់ក្នុងទីផ្សារដោះដូរកីឡាករដែលទើបបើកទ្វារបាន ៣ថ្ងៃ។

គិតមកទល់នឹងពេលនេះផងដែរ ពុំទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ចំពោះកីឡាករអន្តរជាតិអាល់ហ្សេរី វ័យ ២៣ឆ្នាំរូបនេះ ក៏ប៉ុន្តែប្រភពជិតស្និទ្ធជឿជាក់ថា នឹងកើតឡើងឆាប់ៗនេះ។

City ត្រូវតែចុះកិច្ចសន្យានាំយក Ait-Nouri ឱ្យបានមុនថ្ងៃទី១០ ខែមិថុនា ដើម្បីឱ្យទាន់ពេលវេលាលេងពាន FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកនាពាក់កណ្តាលខែនេះ៕