(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងប្រើប្រាស់តង់កាត់បន្ថយកំដៅជាផ្នែកមួយសម្រាប់ការហ្វឹកហាត់របស់ពួកគេ ដែលអាចប្រឈមទៅនឹងអាកាសធាតុក្តៅនៅ World Cup 2026 ដោយមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះ។
គ្រូបង្វឹក Thomas Tuchel និងកូនក្រុមរបស់លោក បានកំពុងតែបោះជំរំហ្វឹកហាត់នៅទីក្រុង Girona ប្រទេសអេស្ប៉ញ ដើម្បីត្រៀមលេងជម្រុះ World Cup ឆ្នាំក្រោយ និងមិត្តភាពអន្តរជាតិផងដែរប្រចាំខែមិថុនានេះ។
ជាផ្នែកមួយនៃការហ្វឹកហាត់នេះទាំងលោក Tuchel ដែលទើបចូលដឹកនាំអង់គ្លេសពីខែមករា ឆ្នាំ២០២៥ ក្រោមកិច្ចសន្យា ១៨ខែ និងសហព័ន្ធបាល់ទាត់អង់គ្លេសផ្ទាល់ បានកំពុងយកចិត្តទុកដាក់បង្វឹកកីឡាករ ក្នុងស្ថានភាពក្តៅ ដែលក្រុមតោអាចជួបប្រទះនៅ World Cup។
គ្រប់កីឡាករទាំងអស់ នឹងត្រូវបានធ្វើតេស្តតាមរយៈឱ្យជិះកង់នៅក្រោមដំបូលប្រក់តង់កាត់បន្ថយកំដៅ ក្រោមសីតុណ្ហភាពមួយដែលពួកគេអាចនឹងជួបប្រទះនៅក្នុងការប្រកួតខាងមុខ។
គួរបញ្ជាក់ផងថា អង់គ្លេសដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លើកដំបូង នឹងប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា ជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុបនៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលជួបក្រុមខ្លាំងមកពីតំបន់អាហ្វ្រិក សេណេហ្គាល់ ក្នុងមិត្តភាពអន្តរជាតិនៅឯកីឡដ្ឋាន City Ground របស់ក្លិប Nottingham Forest នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ពួកគេរកបានជ័យជម្នះ ២លើករួចមកហើយស្ថិតក្រោមការបង្វឹកដោយលោក Tuchel ពីវគ្គជម្រុះ World Cup និងកំពុងឈរនៅកំពូលប្រចាំពូល K ទៀតផង៕