(បរទេស)៖ លោក Maurizio Sarri បានវិលមកដឹកនាំក្លិប Lazio ជាលើកទី២ ក្រោយចាកចេញពីតំណែងគ្រូបង្វឹកបង្គោលនេះមានរយៈពេល ១៥ខែ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា គ្រូបង្វឹកវ័យ ៦៦ឆ្នាំរូបនេះ បានចូលកាន់តំណែងជំនួសកៅអីលោក Marco Baroni ដែលបានដឹកនាំ Lazio បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៅក្របខណ្ឌ Serie A រដូវកាលមុន ដោយពុំមានកៅអីលេងពានអឺរ៉ុបណាមួយឡើយ។

នៅចាំបានថា លោក Sarri បានលាឈប់តែម្តងនាអំឡុងខែមីនា ឆ្នាំ២០២៤ ក្រោយពេល Lazio បរាជ័យ ៥ដង ក្នុងចំណោម ៦ប្រកួតចុងក្រោយ ចំពេលដែលក្លិបជួបប្រទះបញ្ហាទិញ-ដូរកីឡាករធ្ងន់ធ្ងរថែមទៀតផង។

លោក Sarri ដែលធ្លាប់ដឹកនាំតោខៀវ Chelsea បានមួយរដូវកាល និងឈ្នះជើងឯក UEFA Europa League ឆ្នាំ២០១៩ ផងនោះ នៅតែជាម្ចាស់កំណត់ត្រាគ្រូបង្វឹកចាស់ជាងគេ ដែលដឹកនាំសេះបង្កង់ Juventus ឈ្នះពាន Serie A 2019-20 បន្ទាប់ពីដឹកនាំ Lazio ធ្វើបានល្អបំផុតនារដូវកាល ២០២២-២៣ តាមរយៈជាប់ចំណាត់ថ្នាក់លេខ២ ក្នុងលីគរបស់អ៉ីតាលី៕