(បរទេស)៖ ប្រភពពីសារព័ត៌មាន Kaya Yurieff និង Kalley Huang បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta កំពុងធ្វើការលើកម្មវិធី Instagram ដែលរង់ចាំជាមកហើយ ហើយគ្រាងនឹងនាំយកមកលើ iPad ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន MacRumors។

លោក Mark Gurman មកពី​ Bloomberg ក៏បានបញ្ជាក់ពីរបាយការណ៍នេះនៅក្នុងព្រឹត្តិបត្រ Power On របស់លោកផងដែរ ដោយលើកឡើងថា បុគ្គលិករបស់ Meta កំពុង«សាកល្បងយ៉ាងសកម្ម» សម្រាប់កម្មវិធីលំនាំដើម​ Instagram នៅលើ iPad ហើយលោករំពឹងថា កម្មវិធីនេះនឹងចេញជាសាធារណៈនៅក្នុងឆ្នាំនេះតែម្តង ពោលគឺអាចនៅចុងឆ្នាំ ដោយគ្មានឧបសគ្គរារាំងនោះទេ។

គួរជម្រាបថា Meta បានដាក់ឱ្យទាញយកកម្មវិធី Facebook សម្រាប់ iPads ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ ប៉ុន្តែសម្រាប់ Instagram លំនាំដើមដែលជាកម្មវិធីបុត្រសម្ព័ន្ធរបស់ Meta ដូចគ្នានេះនៅមិនទាន់មាននៅលើ iPad នោះទេ។ តែយ៉ាងណា តាមរយៈរបាយការណ៍ចុងក្រោយនេះ Instagram កម្មវិធីដើម ឬលំនាំដើមនេះនឹងអាចទាញយកបានហើយ ខណៈវាកើតឡើងបន្ទាប់ក្រុមហ៊ុនមេ បានបញ្ចេញ WhatsApp នៅលើ iPad កាលពីសប្តាហ៍មុន។

គួររំលឹកថា មូលហេតុដែល Meta ពន្យារពេលក្នុងការអភិវឌ្ឍន៍កម្មវិធី Instagram លំនាំដើមសម្រាប់ iPads ដោយសារតែការរួមបញ្ចូលគ្នានៃបញ្ហាប្រឈមផ្នែកបច្ចេកទេស អាទិភាពយុទ្ធសាស្ត្រ និងភាពតានតឹងរវាងបុគ្គលជាមួយ Apple៕