(បរទេស)៖ រដ្ឋាភិបាលនីហ្សេរីយ៉ា បានកំណត់យកថ្ងៃចន្ទម្សិលមិញនេះ ជាថ្ងៃកាន់ទុក្ខចំពោះវិញ្ញាណក្ខន្ធ មន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីមានដល់ទៅ ២២នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អត្តពលិកជាច្រើន ដែលរួមមានទាំងគ្រូបង្វឹក មន្រ្តីកីឡា គ្រូពេទ្យ និងអ្នកសារព័ត៌មានផងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ តាមរយៈរថយន្តក្រឡាប់ធ្លាក់ផ្លូវ នៅពេលកំពុងធ្វើដំណើរ មកពីចូលរួមប្រកួតកីឡាជាតិ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរដ្ឋធានី Kano នៃប្រទេសស្ថិតនៅទ្វីបអាហ្រ្វិកមួយនេះ។

ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះដែរ បានបណ្តាលឱ្យមនុស្ស ២២នាក់ស្លាប់ ៩នាក់រងរបួស និង ១នាក់ផ្សេងទៀត ពុំមានរងរបួសអ្វីឡើយ នៃការធ្វើដំណើរមួយដែលមានចម្ងាយ ១០០០គីឡូម៉ែត្រ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាជាតិ ដែលបានបញ្ចប់ទៅកាលពីថ្ងៃសុក្រ។

លោក Shehu Dikko ប្រធានគណៈកម្មាធិការកីឡានីហ្សេរីយ៉ា (NSC) បានចាត់ទុកថា «នេះគឺជាគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យតក់ស្លុតបំផុត និងជាថ្ងៃដ៏សោកសៅផងដែរ សម្រាប់កីឡារបស់នីហ្សេរីយ៉ា។ ពួកយើងពិតជាមានការស្លុតចិត្តខ្លាំងណាស់ ចំពោះហេតុការណ៍នេះ»