(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រកាសគ្រូបង្វឹកថ្មី ដើម្បីបន្ដដឹកនាំក្រុមធ្វើការប្រកួតប្រជែងរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោយការសម្រេចចិត្ដចាកចេញរបស់លោក Pep Munoz កាលពីពេលថ្មីៗ។
ជាការពិតការចាកចេញរបស់លោក Pep បានធ្វើឲ្យក្លិប ក៏ដូចជាអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ដ្បិតគេទទួលស្គាល់ពីសមត្ថភាព និងយុទ្ធសាស្ដ្រនៃការដឹកនាំក្រុមដ៏ខ្លាំងរបស់លោក រហូតឈ្នះជើងឯកលីគកំពូលកម្ពុជា ២សម័យជាប់គ្នា ហើយឈ្នះជើងឯក និងជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន សម្រាប់ ២រដូវកាលចុងក្រោយទៀតផង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្សល់នូវកំណត់ត្រាប្រវត្តិសាស្ដ្រមួយសម្រាប់ក្លិប មុនចាកចេញ គឺការជួយស្វាយរៀង ទទួលបានជើងឯករង នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 កាលពីថ្មីៗ។
យ៉ាងណាក្រោយទទួលបានជោគជ័យជាច្រើន ក្នុងការដឹកនាំក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ២រដូវកាលកន្លងមក លោកក៏សម្រេចចិត្តចាកចេញ ហើយក្លិបក៏គោរពតាមការសម្រេចចិត្តនេះផងដែរ ហើយក្លិបក៏ជ្រើសរើសបានគ្រូបង្វឹកថ្មីរួចរាល់ ដើម្បីបន្ដដឹកនាំក្រុមត្រៀមធ្វើការប្រកួត ទាំងក្នុង និងក្រៅប្រទេស សម្រាប់រដូវកាលថ្មី ខាងមុខ ដោយក្លិបនឹងធ្វើការប្រកាសជាផ្លូវការ នៅរសៀលថ្ងៃទី៣ ខែមិថុនានេះ។
អ្នកគាំទ្ររបស់ក្លិប ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិ កំពុងទន្ទឹងរង់ចាំអ៊ុតបេក្ខភាពគ្រូបង្វឹក ដែលត្រូវមកជំនួសតំណែងលោក Pep ជាមួយក្ដីរំពឹង គឺជាគ្រូបង្វឹកដែលមានបទពិសោធន៍ និងកម្រិតសមត្ថភាពខ្ពស់ ដើម្បីដឹកនាំព្រះខ័នរាជស្វាយរៀង ការពារតំណែងជើងឯកលីគ និងការប្រកួតប្រជែងពានរង្វាន់ផ្សេងៗ ពិសេសគឺការត្រៀមប្រកួតពានរង្វាន់ AFC Challenge League 2025/26 តែម្ដង៕