(បរទេស)៖ ក្រុមហ៊ុន Neuralink របស់ Elon Musk បានប្រកាសថា ខ្លួនបានបញ្ចប់ការប្រមូលមូលនិធិចំនួន ៦៥០លានដុល្លារ ក្នុងជំហាន Series E ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាផ្សាំបន្ទះឈី បក្នុងខួរក្បាលមនុស្សនិងពង្រីកការចូលប្រើប្រាស់សម្រាប់អ្នកជំងឺ។ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ការប្រមូលមូលនិធិថ្មីនេះ បានធ្វើឲ្យតម្លៃក្រុមហ៊ុន Neuralink ឡើងដល់ ៩ពាន់លានដុល្លារ មុនពេលទទួលបានមូលនិធិថ្មី។ វិនិយោគិនសំខាន់ៗរួមមាន ARK Invest, Sequoia Capital, Thrive Capital, និង Lightspeed Venture Partners។ Neuralink បានចាប់ផ្តើមការសាកល្បងគ្លីនិកសម្រាប់ឧបករណ៍ផ្សាំបន្ទះឈី បក្នុងខួរក្បាលមនុស្សជាមួយកុំព្យូទ័រ ដែលអាចបំលែងសញ្ញាណប្រសាទទៅជាសញ្ញាឌីជីថល។ ឧបករណ៍នេះកំពុងត្រូវបានសាកល្បងលើអ្នកជំងឺដែលមានពិការភាព ដោយសារការរងរបួសខួរក្បាល ឬជំងឺ ALS នៅសហរដ្ឋអាមេរិក កាណាដា និងសហអេមីរ៉ាតអារ៉ាប់។មនុស្សប្រាំនាក់បានទទួលការដំឡើងឧបករណ៍នេះ ហើយអាចគ្រប់គ្រងឧបករណ៍ឌីជីថល និងរូបវត្ថុផ្ទាល់ដោយគ្រាន់តែគិត។

គួរជម្រាបថា Neuralink បានទទួលការអនុញ្ញាតពី FDA រួចហេីយ សម្រាប់ឧបករណ៍ស្តារសមត្ថភាពនិយាយ។ ការអនុញ្ញាតនេះមានគោលបំណងជំរុញការអភិវឌ្ឍ និងអនុម័តឧបករណ៍វេជ្ជសាស្ត្រដែលមានសក្តានុពលក្នុងព្យាបាលកម្រិតខ្ពស់។ Neuralink មានគោលបំណងនាំឧបករណ៍នេះទៅកាន់អ្នកជំងឺជាច្រើន និងបង្កើតឧបករណ៍ថ្មីៗ ដើម្បីជំរុញការភ្ជាប់រវាងបញ្ញាជីវិត និងបញ្ញាសិប្បនិម្មិត។