(ឡុងដ៍)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស ថ្មីៗនេះដែរបានគំរាមប្តឹងលោក Roman Abramovich អតីតម្ចាស់ក្លិបបាល់ទាត់ Chelsea ចំពោះលុយដែលបានពីការលក់ក្លិបមិនបានជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែននោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លុយប្រមាណ ២.៥ពាន់លានផោនដែលបានពីការលក់ក្លិប Chelsea ត្រូវបានបង្កកដោយធនាគារអង់គ្លេសរហូតមកដល់ពេលនេះ ដែលជាទណ្ឌកម្មទៅលើមហាសេដ្ឋីរុស្ស៊ីខាងលើ បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនពេញលេញនាអំឡុងខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានោះដែរ លុយដែលបានពីការលក់ក្លិប Chelsea រដ្ឋាភិបាលអង់គ្លេសចង់ឱ្យធ្វើជាជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប្រាស់ចាកពីលោក Abramovich បាននិយាយថា «លោកចង់យកលុយនេះ ជួយដល់ជនរងគ្រោះទាំងអស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនវិញ»

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា «ទ្វារនៅតែបើកចំហរជានិច្ច ចំពោះកិច្ចចរចា។ ពួកយើងរីករាយក្នុងការប្តឹងទៅតុលាការ ប្រសិនបើចាំបាច់។ ពួកយើងគ្រាន់តែចង់បាន ដើម្បីធានាចំពោះប្រជាជនអ៊ុយក្រែនដែលសមនឹងទទួលបានអត្ថប្រយោជន៍ឆាប់ៗនេះ តាមដែលអាចធ្វើទៅបានតែប៉ុណ្ណោះ»

ទោះជាយ៉ាងណាមកដល់ពេលនេះ ចរន្តសាច់ប្រាក់នៅតែមិនអាចដំណើរបានទេ តាមរយៈស្ថិតក្រោមទណ្ឌកម្មអង់គ្លេស ដោយលុយស្របច្បាប់ទាំងនេះ នៅតែជាកម្មសិទ្ធិរបស់លោក Abramovich ដដែល បន្ទាប់ពីពុំមានកិច្ចព្រមព្រៀងណាមួយកើតឡើង រវាងរដ្ឋាភិបាលអង់គ្លេស និងមេធាវីរបស់គាត់៕