(ភ្នំពេញ)៖ ផលិតកររបស់ផលិតកម្ម «សិង្ហៈហ្វីម» បានថ្លែងអះអាងថា ខ្សែភាពយន្តខ្នាតធំមានចំណងជើងថា «ម៉ែនាថ» ដែលជាប្រភេទរឿងបែបភ័យរន្ធត់តក់ស្លុត គឺជាភាពយន្តមួយដែលត្រូវបានសម្រិតសម្រាំងថ្មីខុសប្លែក ពីភាពយន្តបរទេសដែលមានចំណងជើងស្រដៀងគ្នា ព្រោះខ្សែភាពយន្ដខ្មែរទើបផលិតបាននេះ មានលក្ខណៈកម្សត់ និងដំណាលអំពីខ្សែជីវិតរបស់នាងនាថ ស្វាមី និងកូន ត្រូវបានអ្នកនិពន្ធបង្កើតជាសាច់រឿងប្លែកពីគេ និងជក់ចិត្ដមួយ បើទោះបីជា «ម៉ែនាថ» ជាចំណងជើងខ្សែភាពយន្ដមួយ ត្រូវបានទស្សនិកជនខ្លះគិតថា ដដែលៗយ៉ាងណាក្ដី។
ផលិតករ និងជាអ្នកនិពន្ធលោក នាង គួនណូចិត្រា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា អ្វីដែលថ្មីខុសប្លែកពីរឿងនាងនាថពីមុន គឺលោកបានឆ្កិះយកអាថ៌កំបាំងមួយចំនួន និងអ្វីៗដែលមិនបានបង្ហាញកាលពីរឿងនាងនាថពីមុនៗមកបង្ហាញ ព្រោះផលិតករចាស់ៗមិនបានបង្ហាញ ឬឲ្យអ្នកទស្សនាបានដឹង ជាពិសេសយើងមានឪពុកនាងនាថ ប្ដីនាងនាថ និងកូននាងនាថជាដើម ហើយបើប្រៀបធៀបជាមួយរឿងមុនៗ គឺរហូតមកដល់ពេលនេះ មិនទាន់មានផលិតករណាធ្វើរឿងនេះ បន្ទាប់ពីរឿងនាងនាថចាស់នោះទេ។ ម្យ៉ាងទៀតរឿងចាស់មាននាងនាថតែមួយទេ ចំណែករឿងនេះមានដល់ទៅ៣នាក់ ហើយជារឿងល្អ។ លោកហ៊ានធានាថា នឹងទទួលបានអ្វីដែលប្លែកខុសពីមុន ពោលគឺមិនដូចគ្នាដាច់ខាត។
លោកបានបន្តទៀតថា លោកសូមទទូចឲ្យមហាជន និងអ្នកគាំទ្រភាពយន្តខ្មែរសាកល្បងមកទស្សនាផ្ទាល់ ដើម្បីបានដឹងច្បាស់ ព្រោះបើស្ដាប់តាមតែលោកនិយាយ ឬផលិតករប្រាប់ គឺមិនដូចអ្វីដែលបានឃើញផ្ទាល់ក្នុងភាពយន្តនេះទេ ហើយកុំគិតថា ជារឿងច្រំដែលៗ ខណៈដែលការទស្សនាក្នុងរោងភាពយន្ត និងការទស្សនាតាមទូរសព្ទ គឺអារម្មណ៍ខុសគ្នាដាច់ស្រឡះ ជាពិសេសគឺរឿងបែបខ្មោចព្រាយបិសាចនេះតែម្ដង។ លោកបានអះអាងទៀតថា រឿងម៉ែនាថ មិនបានចម្លងពីបរទេស ឬពីផលិតកម្មណាមួយឡើយ។
បន្ទាប់ពីស្នើទទូចដល់មហាជន និងអ្នកគាំទ្រឲ្យចូលទស្សនាភាពយន្តខ្មែរឲ្យបានច្រើន លោក នាង គួនណូចិត្រា ក៏បានស្នើដល់ផលិតករភាពយន្តដទៃទៀត ផលិតភាពយន្តឲ្យមានគុណភាពល្អ មានស្ដង់ដារ និងពង្រឹងបច្ចេកទេសផលិតភាពយន្តរបស់ខ្លួនឯងឲ្យបានល្អ ជៀសវាងការផលិតមកហើយអស់ទុនច្រើន ហើយគ្មានអ្នកទស្សនា ធ្វើឲ្យខាតបង់ឈានដល់ការក្ស័យធន រហូតធ្លាក់ខ្លួនអំពាវនាវរកកាជួយឧបត្ថម្ភពីមហាជន និងអ្នកសិល្បៈ ឬសប្បុរសជន ដែលធ្វើឲ្យខូចឈ្មោះដល់ផលិតករដទៃទៀត។
សូមបញ្ជាក់ថា ផលិតកម្ម «សិង្ហៈហ្វីម» បានបើកសម្ពោធខ្សែភាពយន្ដរឿង «ម៉ែនាថ» ដែលជារឿងទី១ដំបូងរបស់ខ្លួន នៅផ្សារទំនើបជីបម៉ុង ២៧១ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមវត្ដមានរបស់តារាចម្រៀង និងតារាសម្ដែងល្បីៗជាច្រើនដួង ហើយរឿងនេះនឹងត្រូវចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ តាមបណ្ដារោងភាពយន្តទំនើបនានាក្នុងប្រទេសកម្ពុជា៕