(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ពន្ធគយរបស់សហរដ្ឋអាមេរិកកំពុងមានផលប៉ះពាល់ខ្លះ ប៉ុន្តែតម្រូវការសម្រាប់បញ្ញាសិប្បនិម្មិត (AI) នៅតែខ្លាំង ហើយបន្តលើសពីការផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កឱ្យមានភាពមិនច្បាស់លាស់ជាច្រើនសម្រាប់ឧស្សាហកម្មបន្ទះឈីបសកល និង TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបទំនើបបំផុតរបស់ពិភពលោក ដែលមានអតិថិជនរួមមាន Apple និង Nvidia។
ទន្ទឹមនឹងនេះ លោក C.C. Wei បានថ្លែងក្នុងកិច្ចប្រជុំភាគទុនិកប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីក្រុង Hsinchu ភាគខាងជើងនៃប្រទេសតៃវ៉ាន់ថា ពួកគេមិនទាន់បានឃើញការផ្លាស់ប្តូរណាមួយក្នុងឥរិយាបថរបស់អតិថិជនដោយសារភាពមិនច្បាស់លាស់នៃពន្ធគយនោះទេ ហើយស្ថានភាពនេះអាចនឹងកាន់តែច្បាស់លាស់ក្នុងប៉ុន្មានខែខាងមុខ។ លោកបានថ្លែងថា៖ «ពន្ធគយពិតជាមានផលប៉ះពាល់ខ្លះដល់ TSMC ប៉ុន្តែមិនផ្ទាល់នោះទេ។ នោះគឺដោយសារពន្ធគយត្រូវបានកំណត់លើអ្នកនាំចូល មិនមែនអ្នកនាំចេញទេ។ TSMC គឺជាអ្នកនាំចេញ។ ទោះជាយ៉ាងណា ពន្ធគយអាចនាំឱ្យតម្លៃខ្ពស់បន្តិច ហើយនៅពេលតម្លៃឡើង តម្រូវការអាចនឹងធ្លាក់ចុះ»។ លោកបន្តថា៖ «ប្រសិនបើតម្រូវការធ្លាក់ចុះ អាជីវកម្មរបស់ TSMC អាចនឹងរងផលប៉ះពាល់។ ប៉ុន្តែខ្ញុំអាចធានាជូនអ្នកថា តម្រូវការ AI តែងតែខ្លាំង ហើយវាបន្តលើសពីការផ្គត់ផ្គង់»។
នៅក្នុងខែមេសា ក្រុមហ៊ុនដែលជាអ្នកផលិតបន្ទះឈីបកិច្ចសន្យាធំបំផុតរបស់ពិភពលោក TSMC បានផ្តល់ទស្សនវិស័យល្អសម្រាប់ឆ្នាំនេះលើតម្រូវការដ៏ខ្លាំងសម្រាប់កម្មវិធី AI។ ក្នុងសញ្ញានៃភាពខ្លាំងនៃតម្រូវការ លោក Wei បាននិយាយថា ភារកិច្ចរបស់ TSMC គឺផ្តល់ឱ្យអតិថិជនរបស់ខ្លួន «នូវបន្ទះឈីបគ្រប់គ្រាន់ ហើយយើងកំពុងខិតខំលើរឿងនោះ។ «ខិតខំ» មានន័យថា វានៅតែមិនគ្រប់គ្រាន់នៅឡើយទេ»។
គួរជម្រាបថា លោក Wei ក៏បានអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនបាននិងកំពុងវាយតម្លៃការសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសអារ៉ាប់រួម ដោយនិយាយថា ពួកគេមិនមានផែនការសម្រាប់រោងចក្របែបនោះនៅមជ្ឈិមបូព៌ានោះទេ៕