(ភ្នំពេញ)៖ ដោយមានកិច្ចសហការល្អពីធនាគារ វីង និងអង្គការស្នាមញញឹមកម្ពុជា កុមារជាច្រើនទទួលបានបទពិសោធន៍ជីវិតថ្មី ជាមួយស្នាមញញឹមដ៏ស្រស់ស្អាត ក្រោយទទួលបានការវះកាត់ និងព្យាបាលមុខមាត់ឥតគិតថ្លៃ។ មានទីលំនៅស្ថិតនៅតំបន់ជនបទមួយក្នុងខេត្តព្រៃវែង លោកស្រី អ៊ុក ចន្ធូ និងស្វាមីលោក ហុត ចិន្តា តែងតែស្រមៃចង់ផ្តល់ជីវិតល្អប្រសើរមួយ ដល់កូនស្រីជាទីស្រលាញ់របស់ពួកគេគឺ លីលី ដែលទើបតែមានអាយុ ៦ខែប៉ុណ្ណោះ។ ដោយមានពិការភាពក្រអូមមាត់ឆែបពីកំណើត លីលី ត្រូវជួបការលំបាកក្នុងការបៅទឹកដោះម្តាយ ហើយសំឡេងយំរបស់នាងខ្សោយណាស់ ដែលធ្វើឱ្យឪពុកម្តាយនាងមានក្តីអាណិតអាសូរជាខ្លាំង។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពួកគេបានធ្វើដំណើរពីស្រុកកំណើត តាមរយៈតាក់ស៊ីដែលត្រូវចំណាយពេល១២ ម៉ោង និងមានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ ក្តីស្រមៃនោះក៏បានក្លាយជាការពិត នៅពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទារិកា លីលី ស្ថិតក្នុងចំណោមអ្នកពិការភាពមុខមាត់ទាំង ៤៤នាក់ ដែលទទួលបានការវះកាត់ និងព្យាបាលឥតគិតថ្លៃរៀបចំឡើងដោយអង្គការស្នាមញញឹមកម្ពុជា ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ហើយមានបេសកកម្មផ្តល់ការព្យាបាលបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ បេសកកម្មនេះទទួលបានជំនួយសប្បុរសធម៌ចំនួន ១០,០០០អាមេរិក ពីធនាគារ វីង និងមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញវះកាត់ស្ម័គ្រចិត្តមកពីចិន-ហុងកុង ដោយផ្តល់នូវក្តីសង្ឃឹមសម្រាប់គ្រួសារជាច្រើន។ តួយ៉ាងគឺគ្រួសាររបស់ លីលី ពុំមានលទ្ធភាពគ្រប់គ្រាន់អាចព្យាបាលបែបនេះ ដោយខ្លួនឯងបានឡើយ។

ចន្ធូ បានរំឭកពីផលលំបាកកូនស្រីរបស់គាត់ ចាប់តាំងពីនាងបានចាប់កំណើតមក។ ចន្ធូបានរៀបរាប់ថា «នៅពេលបៅទឹកដោះម្តងៗ លីលី តែងតែឈ្លក់ ហើយពេលខ្លះសំឡេងយំរបស់នាងស្តាប់ទៅខ្សោយណាស់។ ខ្ញុំភ័យណាស់ រហូតមានពេលមួយនោះ ខ្ញុំគិតថានាងស្លាប់ទៅហើយ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ស្មារតីនាងក៏ភ្ញាក់ឡើង ហើយអាចដកដង្ហើមបានធម្មតាវិញ»។ សម្រាប់ចន្ធូ និងចិន្តា ដែលមានបន្ទុកត្រូវចិញ្ចឹមបីបាច់កូនចំនួន៣នាក់ និងត្រូវមើលថែឪពុកមា្តយចាស់ជរារស់នៅក្នុងភូមិជនបទមួយ ហើយជាមធ្យមអាចរកចំណូលបានប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ពោលគឺការវះកាត់នេះមិនត្រឹមតែជួយសម្រាលបន្ទុក នូវការព្យាបាលកូនស្រីរបស់ពួកគេប៉ុណ្ណោះទេ តែគឺជាក្តីសង្ឃឹមដែលពួកគេតែងតែស្រមៃចង់បាន។

ចាប់តាំងពីឆ្នាំ ២០១៥ អង្គការស្នាមញញឹមកម្ពុជាបានផ្លាស់ប្តូរជីវិតអ្នកពិការភាពមុខមាត់ជាង ៥,៦០០នាក់ ដោយផ្តល់នូវការវះកាត់ឥតគិតថ្លៃ ហើយអាចឱ្យពួកគេរស់នៅក្នុងសង្គមដូចអ្នកដទៃដែរ។
សាស្រ្តាចារ្យវេជ្ជបណ្ឌិត នូ សារ៉ុម ដែលជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តវះកាត់នៃអង្គការស្នាមញញឹមកម្ពុជា បានលើកឡើងថា «បើគ្មានការព្យាបាលទាន់ពេលទេ កុមារទាំងនេះអាចនឹងជួបបញ្ហាពេញមួយជីវិត។ យើងនៅទីនេះដើម្បីប្រាកដថា ពួកគេអាចរស់នៅដូចមនុស្សធម្មតាដែរ»

ការគាំទ្រពីធនាគារ វីង បានរួមចំណែកដ៏សំខាន់ចំពោះបេសកកម្មនេះ។ ក្រៅពីការបរិច្ចាគថវិកាសប្បុរសធម៌ចំនួន ១០,០០០ ដុល្លារអាមេរិក ធនាគារ វីង ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយ ពីបេសកកម្មវះកាត់នេះតាមបណ្តាញភ្នាក់ងារធនាគារ វីង ១២,០០០ កន្លែងនៅទូទាំងប្រទេស ហើយថែមទាំង បានចូលរួមជាមួយមនុស្សរាប់រយនាក់នៅក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីស្នាមញញឹម» ក្នុងចំងាយ១៧គីឡូម៉ែត្រ ដោយចាប់ផ្តើមពីប្រាសាទអង្គរវត្ត រហូតដល់ប្រាសាទព្រះខ័ន។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីបេសកកម្មវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «កុមារគ្រប់រូបសមនឹងទទួលបានការរស់នៅ និងរីកលូតលាស់ប្រកបដោយទំនុកចិត្ត។ ភាពជាដៃគូនេះ គឺដើម្បីរួមចំណែកកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងសុខុដុមរមនាក្នុងពេលតែមួយ»។ សម្រាប់គ្រួសាររបស់ លីលី សមិទ្ធផលកើតចេញពីបេសកកម្មនេះ គឺពិតជាមានអត្ថន័យជ្រាលជ្រៅណាស់។ ចន្ធូបាននិយាយទាំងក្តីរីករាយថា «យើងខ្ញុំពិតជាអរគុណណាស់ចំពោះអង្គការស្នាមញញឹមកម្ពុជា ធនាគារ វីង និងសប្បុរសជនទាំងអស់ ដែលមិនត្រឹមតែជួយផ្លាស់ប្តូរជីវិត លីលី ទេ ថែមទាំងជួយឱ្យគ្រួសារខ្ញុំទទួលបាននូវក្តីសង្ឃឹមដ៏ស្រស់បំព្រងថែមទៀត»

ដំណើរជីវិតរបស់ លីលី គឺជាពន្លឺនៃសង្ឃឹម ដែលជាការរលឹកថាសូម្បីតែដំណើរដ៏វែងឆ្ងាយក៏អាចបញ្ចប់ដោយភាពរីករាយបានដែរ។ សម្រាប់គ្រួសារដែលត្រូវការជំនួយ អង្គការស្នាមញញឹមកម្ពុជាផ្តល់ការព្យាបាលឥតគិតថ្លៃ ដោយគ្រាន់តែទំនាក់ទំនងមកទូរសព្ទលេខ ០១២ ៦៥៥ ៧៨៦ , ០២៣ ២១១ ៤០៥ , ឬ ០៩៦ ៨៤៦ ៦៩៩១។ ជាមួយគ្នានេះ សាធារណជនទាំងអស់ ក៏អាចចូលរួមបរិច្ចាគទៅកាន់អង្គការស្នាមញញឹមកម្ពុជាបាន ដោយផ្ទាល់តាមរយៈអេប Wing Bank ឬអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើលេខកូដ ៩៩២៧ សម្រាប់គណនីប្រាក់រៀល និងលេខកូដ ៩៩២៨ សម្រាប់គណនីប្រាក់ដុល្លារ។ ទឹកប្រាក់បរិច្ចាគទាំងអស់នឹងចូលទៅក្នុងគណនីអង្គការស្នាមញញឹមកម្ពុជាដោយផ្ទាល់ ដើម្បីបន្តទ្រទ្រង់បុព្វហេតុសង្គមដ៏មានតម្លៃនេះ៕