(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្តដើម្បីភាពរីកចម្រើន ថ្មីៗនេះបានប្រកាសពីគំនិតផ្តួចផ្តើមការងារសង្គមដ៏សំខាន់របស់ខ្លួន ក្នុងការផ្តល់រនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២០០ ដល់សាលារៀនចំនួន ១០០ នៅទូទាំងប្រទេស។
ការផ្តល់ជូននេះក្នុងគោលបំណងជួយពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការអធ្យាស្រ័យក្នុងការបើកបរនៅលើដងផ្លូវ និងយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា៖ បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ជាដើម។ ទាំងនេះបង្ហាញច្បាស់ថា ធនាគារ អេស ប៊ី អាយ លី ហួរ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយបង្ការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាបានមួយផ្នែក។
សាលារៀនទាំង ១០០នេះ ទទួលបានរនាំងសុវត្ថិភាពចរាចរណ៍ចល័តចំនួន២ ក្នុងមួយសាលា។ រនាំងសុវត្ថិភាពចរាចរណ៍ចល័តទាំងនេះ ត្រូវបានផ្តល់ជូនជាពិសេស ដើម្បីជួយសាលារៀនក្នុងសម្របសម្រួលចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាពសិស្សានុសិស្សទាំងអស់ នៅពេលពួកគេចេញចូលបរិវេណសាលារៀន។ គំនិតផ្តួចផ្តើមនេះ អាចរួមចំណែកដោះស្រាយដោយផ្ទាល់ដ៏សំខាន់សម្រាប់ការការពារកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងក្នុងម៉ោងមមាញឹករបស់សាលា។
លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ធនាគារចំពោះសុខុមាលភាពសហគមន៍ និងបានបញ្ជាក់ថានេះជាគំនិតផ្តួចផ្តើមការងារសង្គមមួយផ្សេងទៀត ដែលធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមចំណែកក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដែលមិនមែនផ្តោតតែលើភាពសម្បូរបែបនៃសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ តែគិតពីធនធានមនុស្សប្រកបដោយគុណវឌ្ឍិ៍ និងគុណធម៌ នាពេលអនាគត។ នេះជាមធ្យោបាយនៃការចែករំលែកត្រលប់ទៅសហគមន៍វិញ ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស ព្រមទាំងជួយសម្រាលបន្ទុកចំណាយមួយផ្នែកតូចរបស់សាលារៀនផងដែរ»។
លោកបានបន្ថែមទៀតថា ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តផ្តល់ជូនត្រលប់ទៅសហគមន៍វិញតាមរយៈការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗទៀត ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំពេញចំនុចខ្វះខាតដែលអាចជួយគ្នាបាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុវត្ថិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ការផ្តល់ជូននេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ហើយរនាំងសុវត្ថិភាពចរាចរណ៍ទាំងនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតមានចំពោះសិស្សានុសិស្ស។
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង និងមានការសហការដៃគូរដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរ វេរលុយ ចំនួនជាង៣០០០កន្លែង នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជន។
ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុង និងក្រៅស្រុក តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram ព្រមទាំងធ្វើទំនើបកម្មធនាគារចល័តឌីជីថលបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងស្របទៅតាមតម្រូវការរបស់អតិថិជន៕