(បរទេស)៖ ការរកឃើញថ្មីមួយពីសំណាក់អ្នកវិទ្យាសាស្ត្រចិន កំពុងតែផ្លាស់ប្តូរផ្នត់គំនិតរបស់យើងអំពីសមត្ថភាពមើលឃើញក្នុងទីងងឹត។ ក្រុម​អ្នកស្រាវជ្រាវដ៏ជំនាញមួយក្រុមបានបង្កើតនូវ កែវភ្នែក Contact Lenses អ៊ីនហ្វ្រារ៉េដ ដ៏អស្ចារ្យ ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​មើល​ឃើញយ៉ាងច្បាស់លាស់ សូម្បីតែនៅក្នុង «ទីងងឹតបំផុត» ក៏ដោយ។ អ្វីដែលកាន់តែពិសេសនោះគឺ វាថែមទាំង​អាច​ដំណើរការ​បាន​ទោះបី​ជា​​អ្នក​ពាក់បាន «បិទភ្នែក» ក៏ដោយ។ ការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រល្បីឈ្មោះ Cell ដែលបានលើកឡើងពីសក្ដានុពលដ៏ធំធេងនៃបច្ចេកវិទ្យាថ្មីនេះ។

កែវភ្នែក upconversion contact lenses (UCLs) ទាំងនេះ មានសមត្ថភាពប្លែកពីគេក្នុងការបំប្លែងពន្លឺអ៊ីនហ្វ្រារ៉េដ ដែល​ជា​ពន្លឺមើលមិន​ឃើញ​ដោយភ្នែកទទេ ទៅជាពន្លឺដែលអាចមើលឃើញបាន។ ពួកវាអាចដំណើរការជាមួយរលកចម្ងាយចាប់ពី ៨០០ ទៅ ១៦០០ណាណូម៉ែត្រ។ នេះមានន័យថា អ្នកពាក់កែវភ្នែក UCLs នឹងទទួលបាននូវសមត្ថភាពដែលមិនធ្លាប់មានពីមុនមក ដើម្បីចាប់យកនូវសញ្ញាវត្ថុ​ផ្សេងៗ ឬ​មនុស្ស​នៅក្នុងបរិស្ថានដែលគ្មានពន្លឺធម្មជាតិទាល់តែសោះ ដូចជានៅក្នុងរូងភ្នំងងឹត ឬនៅពេលយប់ដែលគ្មានពន្លឺព្រះច័ន្ទ។

បច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងទីក្រុង Hefei ប្រទេស​ចិន។ គំនិតស្នូលនៃកែវភ្នែកនេះ គឺការបង្កប់ ភាគល្អិតណាណូ (nanoparticles) ដ៏តូចល្អិតទៅក្នុងសម្ភារៈទន់ៗ​ដែល​ប្រើ​សម្រាប់​ផលិត Contact Lenses។ ភាគល្អិតណាណូទាំងនេះ មានតួនាទីសំខាន់ក្នុងការស្រូបយកវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ ដែលជាកម្ដៅ​ដែល​បញ្ចេញ​ចេញ​ពីវត្ថុជុំវិញខ្លួនយើង។ បន្ទាប់ពីស្រូបយកហើយ ពួកវានឹងបំប្លែងវិទ្យុសកម្មនេះទៅជាពន្លឺដែលអាចមើលឃើញដែលមានពណ៌ ក្រហម បៃតង និងខៀវ។ ការរួមបញ្ចូលគ្នានៃពណ៌ទាំងនេះ នឹងបង្កើតបានជារូបភាពដែលភ្នែករបស់យើងអាចយល់ឃើញបាន។

ចំណុចដ៏អស្ចារ្យមួយទៀតនោះគឺ កែវភ្នែក UCLs នេះ ដំណើរការបានកាន់តែប្រសើរនៅពេលដែលបិទភ្នែក។ នេះ​ដោយ​សារតែ​ពន្លឺអ៊ីនហ្វ្រារ៉េដ​មាន​លក្ខណៈពិសេសមួយគឺ វាអាចជ្រាបចូលតាមត្របកភ្នែកបានយ៉ាងងាយស្រួល។ ផ្ទុយទៅវិញ ពន្លឺដែលអាចមើលឃើញធម្មតា មិន​អាច​ជ្រាប​ចូលបាននោះទេ ដែលធ្វើឱ្យបច្ចេកវិទ្យានេះ កាត់បន្ថយការរំខានពីពន្លឺខាងក្រៅ ហើយផ្តល់នូវរូបភាពកាន់តែច្បាស់ និងប្រសើរជាងមុន នៅពេលដែលភ្នែករបស់យើងបិទ។

ការរកឃើញបដិវត្តន៍នេះអាចនាំមកនូវ កម្មវិធីប្រើប្រាស់សំខាន់ៗ ជាច្រើននៅក្នុងវិស័យផ្សេងៗគ្នា ដូចជាប្រតិបត្តិការយោធា សម្រាប់ទាហាន​អាច​ពាក់កែវភ្នែកនេះ ដើម្បីបង្កើនសមត្ថភាពមើលឃើញពេលយប់របស់ពួកគេ ធ្វើឱ្យការឈ្លបយកការណ៍ និងប្រតិបត្តិការពេលយប់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ វាក៏សម្រាប់ប្រើនៅក្នុងការឃ្លាំមើលសន្តិសុខរបស់ភ្នាក់ងារសន្តិសុខ។ ការប្រើប្រាស់កែវភ្នែក​នេះនឹងជួយឱ្យពួកគេអាច​ឃ្លាំមើល​សកម្មភាព​​នៅក្នុងទីងងឹតបានយ៉ាងងាយស្រួល ដែលបង្កើនសុវត្ថិភាព និងការឆ្លើយតប។ អ្វីដែលកាន់តែពិសេសជាង​នេះ​ទៀតនោះគឺ​ប្រើ​សម្រាប់​បេសកកម្មស្វែងរក និងជួយសង្គ្រោះ។ ក្នុងករណីមានគ្រោះមហន្តរាយ ឬការបាត់ខ្លួនមនុស្សក្នុងទីងងឹត ក្រុមអ្នកជួយសង្គ្រោះ​អាច​ប្រើប្រាស់​កែវភ្នែកនេះដើម្បីកំណត់ទីតាំងជនរងគ្រោះបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

បច្ចុប្បន្ននេះ កែវភ្នែកមើលឃើញពេលយប់ដែលយើងស្គាល់ភាគច្រើន គឺមានទំហំធំ និងមិនសូវជាងាយស្រួលក្នុងការប្រើប្រាស់នោះទេ។កែវភ្នែក​ UCLs នេះ នឹងធ្វើឱ្យសមត្ថភាពមើលឃើញពេលយប់ កាន់តែ ងាយស្រួលប្រើប្រាស់ និងជាក់ស្តែង ជាងមុន។ នៅពេលដែល​អ្នក​ស្រាវជ្រាវ​បន្តកែលម្អ និងអភិវឌ្ឍ UCLs ឱ្យកាន់តែទំនើប យើងអាចនឹងឃើញ ឧបករណ៍មើលឃើញពេលយប់ដែលអាចពាក់បាន ក្លាយ​ជា​ការ​ពិត​សម្រាប់ទាំងអ្នកជំនាញ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់សាធារណជនទូទៅនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

តើអ្នកគិតថាបច្ចេកវិទ្យានេះ នឹងមានផលប៉ះពាល់អ្វីខ្លះដល់ជីវិតប្រចាំថ្ងៃរបស់យើង?