(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា មរណភាពលោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏សំខាន់បំផុត ក្នុងនាមលោកជាស្ថាបនិកនៃការកកើតឡើងវិញ នៃក្បាច់គុនល្បុក្កតោ ជាមួយការបាត់បង់នូវក្បាច់គុនដ៏សម្បូរបែបជាច្រើន ដែលលោកមិនទាន់បានផ្ទេរឲ្យកូនខ្មែរអស់នៅឡើយ។

ការលើកឡើងនេះ ស្របពេលថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងសិស្សគុនល្បុក្កតោទូទាំងប្រទេស កំពុងសោកសៅ និងសោកស្ដាយជាខ្លាំង ក្រោយទទួលបាននូវដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

លោក វ៉ាត់ ចំរើន បានសម្ដែងនូវសេចក្ដីរន្ធត់ចិត្តជាខ្លាំង ចំពោះដំណឹងមរណភាពរបស់លោកព្រឹទ្ធាចារ្យ ដែលជាសកម្មជនបានលះបង់អស់ពីកម្លាំងកាយចិត្តពេញមួយជីវិត ដើម្បីថែរក្សា អភិរក្ស និងអភិវឌ្ឍន៍គុនល្បុក្កតោឲ្យរស់ឡើងវិញ ទាំងការបង្ហាត់ ការសរសេរឯកសារ និងការគូសគំនូរបច្ចេកទេសផ្សេងៗ ដែលគ្រប់គ្នាតែងគោរពប្រតិបត្តិ និងផ្ដល់នូវគុណតម្លៃខ្ពស់បំផុត ចំពោះស្នាដៃ និងការលះបង់របស់លោក។

លោកបន្ដថា «លោកគ្រូតា សាន គឹមស៊ាន គឺជាមរតកមនុស្សរស់មួយដ៏សំខាន់នៅក្នុងយុទ្ធគុនបុរាណខ្មែរ ក៏ដូចជានៅក្នុងចលនានៃការកកើតឡើងវិញ ការបង្កើតឡើងវិញ និងការអភិវឌ្ឍនៃគុនល្បុក្កតោកម្ពុជា ។ កីឡាគុនល្បុក្កតោនេះ យើងមានភ័ព្វវាសនាដែលមានលោកគ្រូតា បានលះបង់ពេលវេលាប្រចាំថ្ងៃ ទៅលើគុនល្បុក្កតោតែមួយគត់ ដើម្បីផ្ទេរនូវចំណេះដឹងជាច្រើនដល់កូនខ្មែរជំនាន់ក្រោយ។ ក្រៅពីការបង្ហាត់កីឡាករ-កីឡាការិនី និងកូនខ្មែរ ក៏មានបរទេសមិនតិចដែរ ដែលបានទទួលចំណេះដឹង និងហ្វឹកហាត់គុនល្បុក្កតោផ្ទាល់ពីលោកគ្រូ»

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដដែលបន្ថែមថា «ការលះបង់ទាំងអស់នេះ យើងត្រូវរំឮក និងដឹងគុណជានិច្ច ចំពោះស្នាដៃ និងសមិទ្ធផលដ៏ធំធេងរបស់ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលលោកបានធ្វើកន្លងមក ដូចជា៖

១-អ្វីដែលជាគុណបំណាច់ដំបូង លោកគ្រូតា ជាស្ថានិកម្នាក់ ជាមួយខ្ញុំបាទ(វ៉ាត់ ចំរើន) តាំងពីឆ្នាំ១៩៩៩ មក ដើម្បីរៀបចំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាឡើងវិញ ហើយបានបណ្ដុះបណ្ដាលកូនសិស្សជាច្រើន ។
២-លោកគ្រូតា មានស្នាដៃក្នុងការរៀបចំសរសេរ និងចងក្រងសៀវភៅ គុនល្បុក្កតោក្រមាស ជាសៀវភៅដំបូង ដែលបង្ហាញពីមូលដ្ឋានគ្រឹះនៃក្បាច់គុនល្បុក្កតោ ក្នុងនោះលោកគ្រូ គឺជាអ្នកនិពន្ធ និងចងក្រងសៀវភៅនេះដោយផ្ទាល់។
៣-ការរៀបចំដាក់ គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅអង្គការ UNESCO ដែលលោកគ្រូជាជនបង្គោលដ៏សំខាន់ម្នាក់ នៅក្នុងគណៈកម្មការស្រាវជ្រាវ ហើយលោកគ្រូបានដើរតួសំខាន់ ក្នុងវីដេអូរយៈពេល ៥នាទី ដែលបានថតយ៉ាងសម្រិតសម្រាំង និងយកប្រសាសន៍ផ្ទាល់របស់លោកគ្រូ សម្រាប់ដាក់បញ្ជូលក្នុងការបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សរបស់អង្គការ UNESCO ដោយជោគជ័យ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ស្នាដៃទាំងអស់នេះ គឺជាស្នាដៃដ៏ធំធេងណាស់»។

លើសពីនេះ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន តែងចូលរួមគ្រប់សកម្មភាព ពិសេសកម្មភាពក្នុងព្រឹត្តិការណ៍អង្គសង្ក្រាន្ដ តាំងពីឆ្នាំដំបូង រហូតដល់ឆ្នាំនេះ ដោយលោកតែងលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ទោះបីមានជំងឺប្រកាយ ក៏លោកនៅតែចូលរួមផ្ដល់នូវឱវាទល្អៗ និងចែករំលែកនូវចំណេះដឹងផ្នែកយុទ្ធគុន និងគុនល្បុក្កតោនេះ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

«គ្រប់ពេលវេលារបស់លោកគ្រូ ក្រៅពីការបង្ហាត់ លោកគ្រូតែងសរសេរប្រវត្តិ ការគូសរូបបច្ចេកទេសក្បាច់គុន គឺជាការងារប្រចាំថ្ងៃ មានន័យថា លោកគ្រូបានដាក់ជីវិត និងដង្កើមរបស់គាត់ នៅជាមួយគុនល្បុក្កតោទាំងអស់។ កាយវិការទាំងអស់នេះ មិនមែនតែរឿងគុនល្បុក្កតោទេ ដែលលោកធ្វើ គឺបញ្ជាក់ពីការព្យាយាម និងការអត់ធ្មត់ ដើម្បីសម្រេចនូវសុបិនដ៏ធំរបស់លោកគ្រូ គឺការបញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅអង្គការ UNESCO ដែលជាគោលបំណងធំរបស់លោកគ្រូ»។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ដទៀតថា «អ្វីដែលយើងខ្ញុំទាំងអស់គ្នា នៅតែសោកស្ដាយយ៉ាងធំធេងបំផុត ចំពោះការបាត់បង់របស់លោកគ្រូនៅពេលនេះ គឺលោកគ្រូធ្លាប់មានប្រសាសន៍កាលប៉ុន្មានខែមុន ពិសេសកំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ លោកគ្រូថា មិនទាន់ខ្ជាក់អស់នូវចំណេះជំនាញផ្នែកគុនល្បុក្កតោ ទៅដល់កូនខ្មែរនៅឡើយ ។ អ៊ីចឹងលោកគ្រូស្នើឲ្យកូនខ្មែរទាំងអស់ ខិតខំប្រឹងប្រែង ក្នុងការស្រូបយកនូវបច្ចេកទេសថ្មីៗពីលោកគ្រូ។ នេះជាការសោកស្ដាយណាស់ ទោះបីយើងបានទទួលពីលោកគ្រូនូវមរតកជាសិស្សគុនរាប់ពាន់រាប់ម៉ឺននាក់ ប៉ុន្ដែយើងនៅតែសេសសល់ ក្បាច់គុនល្បុក្កតោដ៏សម្បូរបែប នៅក្នុងខ្លួនលោកគ្រូ ដែលខិតខំសិក្សាស្រាវជ្រាវ និងខិតខំថែរក្សាសម្រាប់កូនខ្មែរ»

ដើម្បីរំឮកគុណ និងតបស្នងសងគុណ ចំពោះការលះបង់របស់ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ក្នុងនាមប្រធានស្ដីទីសហព័ន្ធ លោក វ៉ាត់ ចំរើន ថានឹងអនុវត្តសន្យាជាមួយលោកព្រឹទ្ធាចារ្យ ដោយការរៀបចំនូវរូបសំណាក់ដ៏សមរម្យ សម្រាប់ដាក់នៅតាមក្លិប និងសាលាគុនទូទាំងប្រទេស ឲ្យសិស្សគុន ទាំងជាតិ និងអន្ដរជាតិ គោរពថ្វាយបង្គំគ្រូ និងដាស់ស្មារតីកូនខ្មែរឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ជានិច្ច ដើម្បីបន្ដថែរក្សា អភិរក្ស និងអភិវឌ្ឍន៍មរតកក្បាច់គុនបុរាណខ្មែរនេះ ស្របតាមបណ្ដាំរបស់លោកព្រឹទ្ធាចារ្យ ដែលតែងនិយាយថា «យកគុនល្បុក្កតោទៅដាក់ឲ្យពិភពលោក គេដឹង គេស្គាល់ គេហាត់ និងគេគាំទ្រ»

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា «ភារកិច្ចនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សន្យាថា នឹងធ្វើរូបសំណាក់សមរម្យរបស់លោកគ្រូតា ហើយដាក់ឲ្យគ្រប់ក្លិបទាំងអស់ មុនធ្វើការហ្វឹកហាត់ ត្រូវគោរពវិញ្ញាណក្ខន្ធ គោរពលោកគ្រូព្រឹទ្ធាចារ្យ ថ្វាយបង្គំគ្រូធំ គឺលោកគ្រូតា សាន គឹមស៊ាន នៅគ្រប់ក្លិបទាំងអស់ ដើម្បីបង្ហាញនូវអ្វីដែលជាការតបស្នងសងគុណ ចំពោះការលះបង់របស់លោកគ្រូ ហើយធ្វើឲ្យលោកគ្រូរស់នៅជាមួយគ្រួសារគុនល្បុក្កតោខ្មែរជាអមតៈ»