(លីវើភូល)៖ ក្រុមជើងឯកលីគអង់គ្លេស ហង្សក្រហម Liverpool បានព្រមព្រៀងក្នុងការលក់កីឡាករចាំទី Caoimhin Kelleher ទៅឱ្យក្លិបរួម Premier League គឺ Brentford ក្នុងតម្លៃប្រមាណ ១២.៥លានផោន ដែលអាចឈានដល់ ១៨លានផោនផងដែរ ក្នុងទីផ្សារដោះដូរកីឡាករដែលទើបបើកទ្វារបាន ៤ថ្ងៃមកនេះ។
ក្រុមឃ្មុំ Brentford ទិញ Kelleher ដើម្បីយកជំនួសតំណែងអ្នកចាំទីដៃទី១ Mark Flekken ដែលបានលក់ទៅឱ្យក្លិបអាល្លឹម៉ង់ Bayer Leverkusen ក្នុងតម្លៃ ៨លានផោន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Kelleher វ័យ ២៦ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំលេងឱ្យ Brentford បន្ទាប់ពីរូបគេគឺជាអ្នករកបានគ្រាប់ជ័យជម្នះដោយបាល់ប៉េណាល់ទីកាត់សេចក្តីកាលផ្តាច់ព្រ័ត្រ League Cup 2022 ទៅលើគូប្រជែងតោខៀវ Chelsea។
មែនទែនទៅ Kelleher ពុំមែនជាអ្នកចាំទីដៃទី១ របស់ហង្សក្រហមឡើយ ស្របពេល Giorgi Mamardashvili មកពី Valencia បានក្លាយជាជម្រើសទី១ ជំនួស Alisson Becker ក្រោយពេលផ្លាស់មកកាន់កីឡដ្ឋាន Anfield នាអំឡុងខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្រោមការដឹកនាំដោយលោក Arne Slot។
កត្តានេះនាំឱ្យ Kelleher បាននិយាយថា «ខ្ញុំមិនគិតថា វាលំបាកនោះទេសម្រាប់ខ្ញុំក្នុងការចាកចេញពី Liverpool។ អ្វីដែលសំខាន់ ខ្ញុំផ្តោតទៅលើអាជីពរបស់ខ្ញុំតែប៉ុណ្ណោះ។ វាជាពេលដ៏សមស្របហើយក្នុងការចាកចេញនាពេលនេះ ដើម្បីស្វែងរកជម្រើសលេងដំបូង និងជាប់លាប់រៀងរាល់សប្តាហ៍»៕