(ឡុងដ៏)៖ រយៈពេល ៣ឆ្នាំកន្លងមក បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានបង្ខំចិត្តឱ្យលក់ក្លិប Chelsea ដែលស្ថិតក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League ពេលនេះរដ្ឋាភិបាលអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរៀបចំឡើងតុលាការ ដើម្បីឱ្យប្រាកកត់ថា ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ដល់ជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ទឹកប្រាក់បានពីការលក់ក្លិបត្រូវបានជាប់គាំងនៅក្នុងគណនីធនាគាររបស់ចក្រភពអង់គ្លេស ចាប់តាំងពីការលក់ក្លិប Chelsea លោក Abramovich ត្រូវបានទទួលរងទណ្ឌកម្មបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំ២០២២ ។ នឹងបានលក់ក្លិបនេះទៅកាន់មហាសេដ្ឋីអាមេរិកលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital ក្នុងតម្លៃ ២.៥ពាន់លានផោន នៅក្នុងខែឧសភានាឆ្នាំនោះ។
លោក Abramovich បាននិយាយមុនពេលលក់ក្លិប ទឹកប្រាក់សុទ្ធនឹងទៅធ្វើជាមូលនិធិសប្បុរសធម៌ សម្រាប់ជាប្រយោជន៍ដល់ជនរងគ្រោះទាំងអស់នៃសង្គ្រាមនៅអ៊ុយក្រែន ។ ប៉ុន្តែលុយទាំងនោះនៅតែជាប់គាំងនៅក្នុងធនាគារ ខណៈសេចក្តីថ្លែងការណ៍រួមមួយរបស់លោកស្រី Rachel Reeves និងរដ្ឋមន្ត្រីការបរទេស David Lammy បាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការផ្លូវច្បាប់ ។
សូមរំលឹកផងថា កាលពីស្ថិតក្រោមការគ្រប់គ្រងរបស់បុរសមហាសេដ្ឋីរុស្ស៊ី Abramovich ក្លិបតោខៀវ Chelsea បានសម្រេចគោលដៅឈ្នះពាន UEAF Champions League ២សម័យកាល, UEFA Europa League ពីរដង UEFA Super cup មួយម្ដង ពានកម្រិតពិភពលោក FIFA Club World Cup មួយម្ដង ពានលីគអង់គ្លេស Premier League ៥ដង FA Cup ៥ដង ហើយអ្វីដែលពិសេសជាឆ្នាំ២០១០ ក្លិបបានឈ្នះពានលីគកំពូលរួមជាមួយ FA Cup ក្នុងនោះក៏បានឈ្នះពាន League Cup ៣ដង និងពានបើករដូវកាល FA Community Shield ២ដង៕