(បរទេស)៖ កំពូលមហាសេដ្ឋី Elon Musk បានប្រកាសថា ក្រុមហ៊ុនអវកាសរបស់លោក គឺ SpaceX គ្រោងនឹងរកប្រាក់ចំណូលឲ្យបានប្រហែល ១៥.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ប្រសិនបើគម្រោងនេះជោគជ័យ បានន័យថាវាជាការកើនឡើងយ៉ាងច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល ១១ ដល់ ១៣ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
ការលូតលាស់នេះ ត្រូវបានគេមើលឃើញថាអាចសម្រេចទៅបាន ដោយសារអាជីវកម្មសំខាន់ពីរ គឺសេវាបាញ់បង្ហោះ Falcon 9 និងសេវាអ៊ីនធឺណិតផ្កាយរណប Starlink។ Starlink ត្រូវបានគេរំពឹងថា នឹងរកបានប្រាក់ចំណូល ១២.៣ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដោយមានអតិថិជនច្រើនឡើង មកពីក្រុមហ៊ុនធំៗ ដូចជា United Airlines និង John Deere និងសេវារដ្ឋាភិបាលផ្សេងៗ។ នៅឆ្នាំ២០២៤ SpaceX បានបំបែកកំណត់ត្រាជាមួយការបាញ់យាន ១៣៤ដង ហើយមានគោលដៅបាញ់ ១៧០ដង នៅឆ្នាំ២០២៥។
តាមអ្នកវិភាគមើលឃើញថា SpaceX នឹងរកបានប្រាក់ចំណូលលើសថវិកា NASA នៅឆ្នាំ២០២៦ (ដែលមានប្រមាណ ១៨.៨ពាន់លានដុល្លារ)។
កន្លងទៅគេបានដឹងថា ប្រហែល ១.១ពាន់លានដុល្លារនៃចំណូលរបស់ SpaceX នៅតែបានមកពី NASA។ Elon Musk បាននិយាយថា Starlink នឹងចូលផ្សារហ៊ុននៅពេលប្រាក់ចំណូលមានស្ថិរភាព ប៉ុន្តែគ្មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយ៕