(បរទេស)៖ សហព័ន្ធកីឡាប្រដាល់ពិភពលោក បានចេញមកសុំទោសប្រទេសអាល់ហ្សេរី ចំពោះគម្រោងធ្វើតេស្តភេទ លើកីឡាការិនី Imane Khelif ដែលជាម្ចាស់មេដាយមាសអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន សហព័ន្ធសាម៉ីមួយនេះ បានចេញផ្សាយគោលការណ៍ថ្មីមួយ ជុំវិញការហាមឃាត់កីឡាការិនីអាល់ហ្សេរី Khelif មិនឱ្យចូលរួមក្នុងការប្រកួតនានាឡើយ ក្នុងនាមជាស្រ្តី ដរាបណាការធ្វើតេស្តស្វែងរកភេទមិនទាន់ត្រូវបានបញ្ចប់ទេនោះ។

ក៏ប៉ុន្តែក្រោយមកសហព័ន្ធពិភពលោកនេះបានប្រាប់ BBC Sport ដែលមានលោក Boris van der Vorst ជាប្រធានបច្ចុប្បន្ន បានសរសេរសំបុត្រ ១ច្បាប់ ដើម្បីជាការសុំអភ័យទោសចំពោះសហព័ន្ធប្រដាល់អាល់ហ្សេរី បន្ទាប់ពីកត់ចំណាំថា «សិទ្ធិឯកជនភាពរបស់អត្តពលិកគ្រប់រូប គួរតែត្រូវបានការការពារ»

កីឡាការិនី Khelif វ័យ ២៦ឆ្នាំ បានឈ្នះមេដាយមាស ក្នុងប្រភេទប្រដាល់សកល នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ចំពេលមានបញ្ហារឿងភេទនេះ។ នាងបានស្ថិតក្នុងចំណោមកីឡាការិនីតៃវ៉ាន់ Lin Yu-ting ដែលមិនទទួលបានសិទ្ធិប្រកួតនៅឯកម្មវិធី World Championship 2023 ដោយសហព័ន្ធប្រដាល់ IBA ចំពោះបញ្ហាភេទនេះ។

ទោះជាយ៉ាងណា Khelif ត្រូវបានអនុញ្ញាតឱ្យចូលរួម Paris Olympics 2024 ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នៅពេល IBA ត្រូវបានព្យួរតួនាទីកាលពីខែមិថុនា ឆ្នាំ២០២៣ ជុំវិញបញ្ហាព្រួយបារម្ភរឿងភេទនេះ។

IOC បានបញ្ជាក់យ៉ាងខ្លីថា គ្រប់អត្តពលិកជាស្រ្តីអាចចូលរួមប្រកួតប្រជែងមេដាយនៅអូឡាំពិកបាន ប្រសិនបើលិខិតឆ្លងដែនរបស់ពួកគេ ត្រូវបានបញ្ជាក់ថា ជាស្រ្តីហើយនោះ៕