(ភ្នំពេញ)៖ កីឡាករ ពេជ្រ សម្បត្តិ បានស្ពាយខ្សែក្រវាត់កម្រិតអន្ដរជាតិ USEACA ដែលជាខ្សែក្រវាត់ ១ ក្នុងចំណោមខ្សែក្រវាត់ ៣ របស់កម្ពុជាដណ្តើមបាន ពេលនេះបានធ្វើដំណើរមកដល់កម្ពុជាមុនគេហើយ នៅថ្ងៃទី០៤ ខែមិថុនានេះ ក្រោយយកឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក ក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្ដរជាតិ លើកទី២ នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ិនតោន កាលពីចុងសប្ដាហ៍កន្លងទៅ។
ដំណើរមកដល់មាតុភូមិរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគុនខ្មែរ នៅថ្ងៃពុធនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងភាពជោគជ័យ នៃការខិតខំប្រឹងប្រែងរបស់កីឡាករកម្ពុជាខាងលើ។
គួរដឹងថា សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី ៥រូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ លើកទី២ នៅសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ខូវ ឆាយ ដែលជាប្រធានសហព័ន្ធ ។ ជាលទ្ធផលមានកីឡាករកម្ពុជា ៣រូប ដែលទទួលបានជ័យជម្នះ ក្នុងនោះកីឡាករ ពេជ្រ សម្បត្តិ បានយកឈ្នះកីឡាករអាមេរិក Malcolm Hill គ្រងខ្សែក្រវាត់ USEACA ទម្ងន់ ៦០គីឡូក្រាម និងកីឡាករ លន បញ្ញា បានយកឈ្នះកីឡាករ Jose Aquino របស់ម្ចាស់ផ្ទះ ដើម្បីគ្រងខ្សែក្រវាត់ USEACA ដូចគ្នា ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។
ចំណែកកីឡាករ ឡៅ ចន្ទ្រា គឺបានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្ដរជាតិ ដែលដាក់ឲ្យកីឡាករម្ចាស់ផ្ទះដណ្ដើម ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករ Juan Jackson ដោយពិន្ទុដូចគ្នា ។ រីឯកីឡាករ-កីឡាការិនី ២រូបទៀត ពុំទទួលបានជោគជ័យឡើយ ត្រឹមវាយចាញ់ពិន្ទុម្ចាស់ផ្ទះ ។ ពោលគឺកីឡាករ ឡៅ ចិត្រា វាយចាញ់ពិន្ទុកីឡាករ Evan Boulton ក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម និងកីឡាការិនី អេ យ៉ានុត ចាញ់កីឡាការិនី Victoria Bogdan ក្នុងទម្ងន់ ៥៧គីឡូក្រាម។
សូមជម្រាបផងថា នេះគឺជាលើកទី២ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការដឹកនាំផ្ទាល់របស់លោក ខូវ ឆាយ បានដឹកនាំប្រតិភូ និងកីឡាករ-កីឡាការិនីគុនខ្មែរ ទៅប្រកួតនិងផ្សព្វផ្សាយពីក្បាច់គុនអត្តសញ្ញាណជាតិនេះលើទឹកដីអាមេរិក ។
ចំពោះប្រតិភូគុនខ្មែរ ដែលធ្វើដំណើរមកដល់មាតុភូមិមុននៅថ្ងៃពុធនេះ ដឹកនាំដោយលោក ពេជ្រ សុផាន់ ជាគ្រូបង្វឹក រួមជាមួយកីឡាករ ពេជ្រ សម្បត្តិ និង អេ យ៉ានុត រួមជាមួយក្រុមការងារ គ្រាដែលប្រតិភូ និងកីឡាករផ្សេងទៀត រួមទាំងប្រធានសហព័ន្ធលោក ខូវ ឆាយ នឹងធ្វើដំណើរមកជាបន្ដបន្ទាប់ រហូតដល់ថ្ងៃទី០៦ ខែមិថុនាខាងមុខ៕