(ឡុងដ៍)៖ ខ្សែបម្រើស្លាប Jadon Sancho ដែល Manchester United ទិញពី Borussia Dortmund ក្នុងតម្លៃ ៧៣លានផោនកាលឆ្នាំ២០២១ ត្រូវបង្ខំចិត្តមកលេងនៅបិសាចក្រហមវិញ ក្រោយចប់កិច្ចសន្យាខ្ចីជើងជាមួយតោខៀវ Chelsea។ នេះបើយោងតាមការចេញដោយ BBC។

កីឡាករអន្តរជាតិអង់គ្លេស វ័យទើបតែ ២៥ឆ្នាំរូបនេះរកបាន ៥គ្រាប់ពីការចូលលេង ៤១ប្រកួតគ្រប់កម្មវិធីនៅ Stamford Bridge និងបានរួមចំណែកជួយក្រុមរបស់លោក Enzo Maresca ឈ្នះជើងឯកពានរង្វាន់លំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League 2024-25 បូករួមទាំងកៅអីលេងពាន UCL រដូវកាលក្រោយទៀតផង។

យ៉ាងនេះក្តី Chelsea មិនមានបំណងចុះកិច្ចសន្យាជាអចិន្រ្តីយ៍ជាមួយ Sancho ឡើយ ដោយសម្រេចបញ្ជូនរូបគេមក Man Utd និងបង់ប្រាក់ ៥លានផោន ជាថ្នូរនឹងការខ្ចីជើង។

នេះមានន័យថា ក្នុងរយៈពេល ៤ឆ្នាំមកនេះ Sancho បានលេងតែ ២ឆ្នាំគត់នៅទឹកដី Old Trafford មុនពេលទៅលេងខ្ចីជើងនៅអាល្លឺម៉ង់ ក្នុងក្លិប Dortmund ជាទីដែលរូបគេបានរួមចំណែកជួយសមាជិក Bundesliga ឡើងដល់ផ្តាច់ព្រ័ត្រ UCL ដែលបានចាញ់ Real Madrid ២ទល់នឹង០ កាលឆ្នាំ២០២៤។

Sancho យុវជនចេញពីក្លិប Man City ដែលទាត់ប៉េណាល់ទីអត់ចូលកាលអង់គ្លេសចាញ់អ៉ីតាលីវគ្គផ្តាច់ព្រ័ត្រ Euro 2020 ពុំទាន់មានក្លិបណាមួយទាក់ទងនៅឡើយទេ។ រូបគេត្រូវបង្ខំចិត្តទៅលេងឱ្យ Manchester United វិញ ក្នុងនាមកីឡាករទទួលបានប្រាក់ពលកម្ម ៣០ម៉ឺនផោនក្នុង ១សប្តាហ៍៕