(ភ្នំពេញ)៖ ប្រតិភូសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគុនល្បុក្កតោនៅប្រទេសរុស្ស៊ី បានដំណើរទស្សនកិច្ច និងស្វែងរកការគាំទ្រពីកម្ពុជា ក្នុងនាមម្ចាស់ក្បាច់គុន ដើម្បីពន្លឿននីតិវិធីឈានទៅរកការទទួលស្គាល់ពីក្រសួងកីឡារុស្ស៊ី ព្រមទាំងការចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ និងសហព័ន្ធកីឡាគុនល្បុក្កតោអន្ដរជាតិ។
នេះបើយោងតាមលទ្ធផលក្រោយជំនួបពិភាក្សា បន្ទាប់ពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ បានអនុញ្ញាតឲ្យលោក Konstantin Artyomov អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី និងប្រតិភូ ចូលជួបសម្ដែងការគួរសម ដើម្បីបង្កើនចំណងទំនាក់ទំនង និងការចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍគុនខ្មែរនៅទឹកដីប្រទេសមហាអំណាចមួយនេះ។
លោក Konstantin Artyomov បានគូសបញ្ជាក់ពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ច និងជំនួបសម្ដែងការគួរសមខាងលើ គឺលោកចង់ឲ្យភាគីកម្ពុជាជួយពន្លឿនដំណើរការ នៃការទទួលស្គាល់ សហព័ន្ធកីឡាប្រដាល់គុនខ្មែររុស្ស៊ី ដោយក្រសួងកីឡារុស្ស៊ី ដែលត្រូវដំណើរការយូរអង្វែង ព្រមទាំងគោលបំណងសំខាន់មួយទៀត គឺការបង្កើតសហព័ន្ធគុនល្បុក្កតោរុស្ស៊ី ហើយចង់ក្លាយជាសមាជិកពេញរបស់សហព័ន្ធកីឡាគុនខ្មែរ និងគុនល្បុក្កតោអន្ដរជាតិដូចគ្នា។
ក្រោយជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ជំនួបនេះ កើតឡើងតាមរយៈទំនាក់ទំនងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងមូស្គូ ដ្បិតរុស្ស៊ី បាននឹងកំពុងខិតខំជំរុញការអភិវឌ្ឍគុនខ្មែរ និងគុនល្បុក្កតោក្នុងប្រទេសខ្លួន ហើយតែងចូលរួមការប្រកួតគុនខ្មែរជើងឯកពិភពលោករៀងរាល់ឆ្នាំ តែកម្ពុជា មិនទាន់ទទួលស្គាល់ និងមិនទាន់មានការចុះ MOU ដើម្បីរៀបចំផែនការអភិវឌ្ឍជាមួយគ្នានៅឡើយ។
លោកថា «រុស្ស៊ី គឺជាសក្ដានុពលមួយធំសម្រាប់គុនខ្មែរ និងគុនល្បុក្កតោរបស់យើង ។ ជាមហាអំណាចកីឡាមួយដ៏ធំ ដែលយើងត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ ។ គេមានលទ្ធភាពច្រើន ក្នុងការរៀបចំសាលាគុន ក្លិប មជ្ឈមណ្ឌល និងប្រព័ន្ធដ៏ត្រឹមត្រូវ នៃការបំផុសចលនាគុនខ្មែរ និងគុនល្បុក្កតៅនៅរុស្ស៊ី។ ដូច្នេះអ្វីដែលយើងត្រៀមធ្វើ គឺយើងនឹងទំនាក់ទំនងជាមួយអាជ្ញាធរកីឡារុស្ស៊ី ក្រសួងការបរទេសរុស្ស៊ី ភ្ជាប់ជាមួយស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដែលយើងនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រ ក៏ដូចជាស្វែងរកការផ្ដល់សិទ្ធឲ្យបានពេញលេញដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគុនល្បុក្កតោប្រចាំនៅរុស្ស៊ី»។
តាមរយៈនេះ ទើបជំរុញឲ្យកម្ពុជា ចុះ MOU ជាមួយភាគីរុស្ស៊ី ដើម្បីជំរុញការអភិវឌ្ឍគុនខ្មែរ និងគុនល្បុក្កតោនៅរុស្ស៊ី ។ លើសពីនេះ កម្ពុជាក៏បានបើកភ្លើងខៀវទទួលសំណើររបស់ប្រតិភូរុស្ស៊ី ដែលបានស្នើឲ្យកម្ពុជាទទួលស្គាល់ និងផ្ដល់សិទ្ធ ក្នុងការចូលជាសមាជិករបស់សហព័ន្ធកីឡាគុនល្បុក្កតោរុស្ស៊ីផងដែរ ដែលស្របតាមយុទ្ធសាស្ដ្ររបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅបង្កើត និងពង្រឹងសក្ដានុពលសហព័ន្ធកីឡាគុនល្បុក្កតោពិភពលោក ដើម្បីមានលទ្ធផលជជែកជាមួយអាជ្ញាធរកីឡាអន្ដរជាតិ ដាក់ក្នុងការប្រកួតអន្ដរជាតិនានា ពិសេសគម្រោងដាក់បញ្ចូលក្នុងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។
មន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជាដដែល បានសង្កត់ធ្ងន់ថា «ក្នុងនាមយើងម្ចាស់ផ្ទះ យើងខិតខំប្រឹងប្រែងឲ្យកីឡាអត្តសញ្ញាណជាតិរបស់យើងនេះ ចូលទៅក្នុងការប្រកួតកីឡា ដើម្បីពង្រីកឥទ្ធិពលកីឡាវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើងទៅឆាកអន្ដរជាតិ ។នេះគឺជាគោលដៅនៃការអភិវឌ្ឍជាតិរបស់យើង តាមរយៈវិស័យកីឡា»។
ទន្ទឹមនឹងនេះ លោកក៏បានថ្លែងកោតសរសើរ និងអរគុណ ចំពោះភាគីរុស្ស៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងនាមសកម្មជនដ៏មានឥទ្ធិពលម្នាក់នៅទីក្រុងមូស្គូ ដែលបានខិតខំអភិវឌ្ឍន៍គុនខ្មែរ និងគុនល្បុក្កតោ នៅរុស្ស៊ី ជាក់ស្ដែងលោកមានមជ្ឈមណ្ឌលគុនខ្មែរផ្ទាល់ខ្លួន ដែលមានសិស្សគុនកំពុងហ្វឹកហាត់ប្រមាណ ១៥០នាក់ និងការប្រកួតជាច្រើន ។ តាមរយៈនេះ ក្នុងនាមតំណាងគុនខ្មែរជាតិ និងអន្ដរជាតិ នឹងជំរុញទឹកចិត្ត ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការឲ្យបានលទ្ធផលជាវិជ្ជមាន ដើម្បីជំរុញការអភិវឌ្ឍក្បាច់គុនបុរាណខ្មែរនៅទីនោះ៕