(ម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ បានឆ្លងចូលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប UEFA Nations League ជាលើកទី២ បន្ទាប់ពីវាយបកទម្លាក់ម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង់ ២-១ យប់មិញនេះនៅទីក្រុង Munich។

ព័រទុយហ្គាល់ អតីតជើងឯកដំបូងគេកាលឆ្នាំ២០១៩ ត្រូវរង់ចាំរវាងក្រុមឈ្នះមាន់គកបារាំង ឬក៏ក្រុមការពារតំណែងជើងឯកគោជល់អេស្ប៉ាញ ដែលត្រូវលេងបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ នៅប្រទេសអាល្លឺម៉ង់ដូចគ្នា។

ជំនួប ៩០នាទីក្នុងកីឡដ្ឋាន Allianz Arena ខ្សែប្រយុទ្ធវ័យក្មេង Florian Wirtz ដែលត្រូវបានជ្រើសរើសចេញពីក្លិប Bayer Leverkusen ជាអ្នករកបានគ្រាប់នាំមុខសម្រាប់អាល្លឺម៉ង់ នៅពេលទទួលបាល់ពីប្រធានក្រុម Joshua Kimmich ជាពេលដែលទើបចាប់ផ្តើមលេងវគ្គទី២ បាន ៣នាទីផងដែរ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៦៥,៨២៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា ព័រទុយហ្គាល់ដែលមានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដឹកនាំគឺលោក Roberto Martinez បានធ្វើការវាយបកយកជ័យជម្នះ ២-១ វិញ តាមរយៈប្រើពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ពោលគឺកីឡាករយុវជន Francisco Conceicoa រកបានគ្រាប់តាមស្មើ ១-១ នៅនាទី៦៣ មុនពេលប្រធានក្រុម Cristiano Ronaldo រកគ្រាប់ជ័យជម្នះនៅនាទី៦៨ រហូតដល់ចប់ការប្រកួតតែម្តង។

នេះមានន័យថា ខ្សែប្រយុទ្ធចាស់វស្សា វ័យ ៤០ឆ្នាំ Ronaldo រកបាន ១៣៧គ្រាប់ ពីការចូលលេងបាន ២២០ប្រកួតសម្រាប់ជម្រើសជាតិព័រទុយហ្គាល់៕