(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន Daikin Airconditioning (Cambodia) Co.,Ltd. ពីកិច្ចសហការលើកកម្ពស់ស្តង់ដារម៉ាស៊ីនត្រជាក់ និងនិរន្តភាពក្នុងវិស័យ HVAC នៅកម្ពុជា។
អនុស្សរណៈយោគយល់នេះកំណត់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ស្តង់ដារប្រព័ន្ធម៉ាស៊ីនត្រជាក់ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យា HVAC ប្រកបដោយចីរភាព។ កិច្ចសហការនេះមានគោលដៅតម្រង់ទិសវិស័យ HVAC នៅកម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ បង្កើនប្រសិទ្ធភាពថាមពល និងគាំទ្រគោលដៅអាកាសធាតុរបស់កម្ពុជា។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី និងលោក Akinori Atarashi នាយកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ាន និងអូសេអានីរបស់ Daikin Group និងជាប្រធានក្រុមហ៊ុន Daikin Industries ប្រទេសថៃ បានអញ្ជើញចូលរួមជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ។
លោក ហែម វណ្ណឌី បានលើកឡើងថា «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម និងការលើកកម្ពស់បច្ចេកវិទ្យាប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបរិស្ថានរបស់យើង»។
លោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin ប្រចាំប្រទេសកម្ពុជា បានស្វាគមន៍ចំពោះកិច្ចសហការនេះ។ លោកបានលើកឡើងថា «យើងមានមោទនភាពដែលបានចូលរួមគាំទ្រដំណើររបស់ កម្ពុជាឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធខ្យល់ចេញចូល ប្រកបដោយប្រសិទ្ធភាព និងមានទំនួលខុសត្រូវចំពោះបរិស្ថាន។ តាមរយៈភាពជាដៃគូនេះ Daikin នឹងចែករំលែកបទពិសោធ និងជំនាញជាសាកលរបស់យើង ដើម្បីពង្រីកសមត្ថភាពក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា»៕