(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីរីករាយក្នុងការបរិច្ចាគថវិកាចំនួន ៤០លានរៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ថ្នាក់គ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ បានប្រគល់ថវិកាបរិច្ចាគនេះជូនដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ​ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ឱ្យមានការចូលរួមបរិច្ចាគជូនបុព្វហេតុដ៏ពិសិដ្ឋនេះ។

ធនាគារ ខេប៊ីប្រាសាក់ ប្ដេជ្ញាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិគន្ធបុប្ផាក្នុងការលើកកម្ពស់សេវាសុខាភិបាលសម្រាប់កុមារ ដែលជាអនាគតនិងសសរទ្រូងសម្រាប់កសាងវឌ្ឍនភាព និងវិបុលភាពរបស់ប្រទេសជាតិ។ ការបរិច្ចាគនេះស្របតាមគុណតម្លៃស្នូលរបស់ធនាគារក្នុងការជំរុញការផ្លាស់ប្ដូរជាវិជ្ជមាន និងរួមចំណែកលើកស្ទួយសុខុមាលភាពសហគមន៍កម្ពុជា។

ដើម្បីគាំទ្រការចូលរួមបរិច្ចាគឱ្យបានទូលំទូលាយ សកម្ម និងផុសផុល ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនអតិថិជន និងសាធារណជន នូវវិធីដ៏ងាយស្រួលក្នុងការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយប្រើកម្មវិធី KB PRASAC Mobile ឬអេបរបស់ធនាគារនានា ដើម្បីស្កេន KHQR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមិនគិតកម្រៃសេវា។ សូមចូលរួមយុទ្ធនាការនេះដើម្បីនាំមកនូវស្នាមញញឹម និងក្ដីសង្ឃឹមថ្មីដល់កុមារកម្ពុជាគ្រប់រូប៕