(រីយ៉ាដ)៖ ប្រភពព័ត៌មានពីប្រទេសអ៉ីតាលីបានចេញផ្សាយថា លោក Simone Inzaghi អតីតគ្រូបង្វឹកក្លិប Inter Milan បានចុះកិច្ចសន្យាដឹកនាំ Al-Hilal របស់អារ៉ាប៊ីសាអូឌីតរយៈពេល ២ឆ្នាំ ជាមួយនឹងប្រាក់ពលកម្ម ៣០លានអឺរ៉ូ ក្នុង ១ឆ្នាំផងដែរ។

ពិធីចុះកិច្ចសន្យាជាមួយក្លិបលេងនៅ Saudi Pro League ត្រូវបានធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រូបង្វឹកវ័យ ៤៩ឆ្នាំខាងលើ សម្រេចចិត្តចាកចេញពី Inter កាលពីថ្ងៃអង្គារម្សិលមិញ។

គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Inzaghi នឹងទៅជំនួសតំណែងលោក Jorge Jesus ដែលបានដឹកនាំ Al-Hilal ឈ្នះជើងឯកលីគ Pro League រដូវកាល ២០២៣-២៤ ប៉ុន្តែត្រូវបានដកតួនាទីធំនេះវិញកាលពីខែមុន បន្ទាប់ពីពួកគេបានហាលអាវពីពានកម្រិតអាស៊ី AFC Champions League Elite ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាល ២០២៤-២៥។

១ប្រកួតបើកឆាករបស់លោក Inzaghi ជាមួយ Al-Hilal គឺត្រូវដឹកនាំប្រឈមមុខនឹងក្រុមខ្លាំង Real Madrid ក្នុងកម្មវិធី FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ធ្វើឡើងនាថ្ងៃទី១៨ ខែមិថុនា នៅទីក្រុង Miami។

ស្នាដៃសំខាន់ៗរបស់លោក Inzaghi ដែលបានចូលដឹកនាំក្រុមរហស្សនាម ពស់ខៀវ Inter Milan នាអំឡុងខែកក្កដា ឆ្នាំ២០២១ គឺបានរួមចំណែកជួយឈ្នះជើងឯកលីគ Serie A 2023-24 និងពានកម្រិតទី២ អ៉ីតាលី ២លើកគឺ Coppa Italia និងបរាជ័យវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២ដងផងដែរ៕