(បរទេស)៖ នៅចាំបានថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានរងបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ម្ចាស់ពាន Euro 2024 អេស្ប៉ាញ មុនឈានមកដល់ការប៉ះគ្នាជាថ្មីទៀតនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ស្ថិតនៅប្រទេសអាល្លឺម៉ង់ដូចគ្នា។
មាន់គកបារាំង ជាម្ចាស់ជើងឯកពាន UEFA Nations League 2020-21 ស្របពេលគោជល់អេស្ប៉ាញ ជាម្ចាស់ជើងឯកពានលីគអឺរ៉ុប ជំនាន់ទី៣ ចុងក្រោយគេនាឆ្នាំ២០២២-២៣។
ក្រុមខ្លាំងប្រចាំទ្វីបអឹរ៉ុបទាំងពីរនេះ ត្រូវប្រជែងកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ ដែលមានបច្ចខែលព័រទុយហ្គាល់កំពុងរង់ចាំស្រាប់ ក្រោយពេលទម្លាក់ម្ចាស់ផ្ទះអាល្លឹម៉ង់ ២ទល់នឹង១ នាយប់មិញពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Munich។
មែនទែនទៅ បារាំងដែលស្ថិតក្រោមការបង្វឹកដោយលោក Didier Deschamps ក៏ធ្លាប់ផ្តួលអេស្ប៉ាញ ២-១ វគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០២១ ក្នុងកម្មវិធី Nations League នេះដែរ ដែលជាជ័យជម្នះលើកទី១៣ របស់ពួកគេ ក្រៅពីធ្លាប់ស្មើ ៧ដង និងចាញ់ ១៧ដងឯណោះ រាល់ពេលប៉ះក្រុមគោជល់មួយនេះ។
នេះក៏ជាលើកទី២ ផងដែរដែលបារាំង ប៉ះគូប្រជែងអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្តង UNL ក្រោយពេលបង្កើតឡើងដំបូងនារដូវកាល ២០១៨-១៩ ដែលមានព័រទុយហ្គាល់ឈ្នះជើងឯកដំបូងគេ បន្តបន្ទាប់មានបារាំង និងអេស្ប៉ាញ។ ក្រុមចាញ់ នឹងប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ទល់នឹងអាល្លឺម៉ង់ ខណៈក្រុមឈ្នះឡើងទៅប៉ះព័រទុយហ្គាល់ផ្តាច់ព្រ័ត្រដណ្តើមពាន ធ្វើឡើងនាថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសអាល្លឺម៉ង់តែមួយគត់៕