(ភ្នំពេញ)៖ ធនាគារ ABA កាលពីពេលថ្មីៗនេះ បានទទួលស្វាគមន៍ក្រុមការងារ បេសកកម្មពាណិជ្ជកម្មកាណាដា (Team Canada Trade Mission) សម្រាប់ជំនួបស្ថាប័នជាផ្លូវការ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ មានគោលបំណងចែករំលែកទៅកាន់គណៈប្រតិភូ អំពីដំណើរវឌ្ឍនភាព និងភាពជោគជ័យរបស់ ABA ក្នុងការរួមចំណែកពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ដឹកនាំដោយលោកស្រី Sara Wilshaw ប្រធានស្នងការពាណិជ្ជកម្មកាណាដា និងជាឧបការីជាន់ខ្ពស់របស់អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយលោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងជាន់ខ្ពស់ពី ABA និងធនាគារជាតិកាណាដា នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។
ក្នុងពេលជំនួប គណៈគ្រប់គ្រងធនាគារ ABA បានបង្ហាញជូនគណៈប្រតិភូបេសកកម្ម នូវទិដ្ឋភាពទូទៅនៃការពង្រីកខ្លួនជាយុទ្ធសាស្រ្ត និងវិធីសាស្រ្តប្រកបដោយនវានុវត្ត តាមដានដំណើររបស់ខ្លួន រហូតដល់តំណែងបច្ចុប្បន្នក្នុងនាមជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា។
ABA ក៏បានជម្រាបជូនគណៈប្រតិភូនូវការរួមចំណែករបស់ខ្លួន ក្នុងការពង្រឹងហេដ្ឋារចនាសម្ពន្ធហិរញ្ញវត្ថុកម្ពុជាផងដែរ រួមមានជាអាទិ៍ កិច្ចប្រឹងប្រែងរបស់ ABA ក្នុងការពង្រីកទិដ្ឋភាពហិរញ្ញវត្ថុតាមរយៈផលិតផល និងសេវាធនាគារដ៏សម្បូរបែប លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈផលិតផលឯក, កម្មវិធី ABA Mobile និងជួយបង្កើនទំនុកចិត្តក្នុងវិស័យធនាគារ ដោយដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ និងដំណោះស្រាយ IT និង សន្តិសុខលើអ៊ីនធឺណិត។
លោក Askhat Azhikhanov មានប្រសាសន៍ថា «នេះជាកិត្តិយសរបស់យើងខ្ញុំ ដែលបានទទួលស្វាគមន៍គណៈប្រតិភូ នៃក្រុមការងារបេសកកម្មពាណិជ្ជកម្មកាណាដា មកកាន់ធនាគារ ABA។ ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ជាថ្មីនូវឆន្ទៈរួម ក្នុងការស្វែងយល់ពីមូលដ្ឋានប្រតិបត្តិការ ដែលគាំទ្រដល់ទិដ្ឋភាពធុរកិច្ចក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា យើងខ្ញុំបានប្រតិបត្តិតាមគោលការណ៍ស្ថាប័នដ៏រឹងមាំ ដោយបត់បែនទៅតាមតម្រូវការ និងថាមវន្តនៃបរិបទកម្ពុជា។ យើងខ្ញុំស្វាគមន៍បណ្ដាធុរកិច្ចកាណាដា ដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងត្រៀមជាស្រេច ក្នុងការផ្តល់ជូនស្ថាប័នទាំងនោះ នូវសេវាកម្មពេញលេញ និងដំណោះស្រាយធនាគារដ៏ទំនើបរបស់យើងខ្ញុំ»។
ជាមួយការផ្តោតសំខាន់ទៅលើការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម គោលបំណងមួយនៃបេសកកម្មពាណិជ្ជកម្មនេះ គឺស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដូចជាធនាគារ ABA ជាដើម ដែលអាចជួយសម្របសម្រួល ការវិនិយោគរបស់ធុរកិច្ចកាណាដានៅកម្ពុជាក្នុងថ្ងៃអនាគត។ ភាពជាដៃគូទាំងនេះ នឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង ចំពោះប្រទេសជាតិទាំងពីរ។
លោកស្រី Sara Wilshaw ក៏មានមតិទៅលើជំនួបនេះថា «ការយល់ដឹងអំពីទស្សនវិស័យប្រតិបត្តិការ នៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ពិតជាសំខាន់ណាស់ក្នុងការជូនដំណឹងដល់ធុរកិច្ចកាណាដា ដើម្បីឈានជើងចូលទីផ្សារយ៉ាងមានទំនុកចិត្ត។ កំណើន និងភាពជោគជ័យរបស់ធនាគារ ABA គឺជាឧទាហរណ៍មួយបង្ហាញយ៉ាងច្បាស់ ពីការរួមចំណែករបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្ដរភាព និងរឹងមាំ»។
ធនាគារ ABA មានមោទនភាពដែលបានសម្របសម្រួល ក្នុងដំណើរទស្សនកិច្ចនេះ និងបន្តអនុវត្តការងាររបស់ខ្លួន ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ច និងកំណើនដែលជំរុញដោយនវានុវត្តភាព៕